អគារសិក្សាមួយខ្នង កម្ពស់ពីរជាន់ តម្លៃ២៥ម៉ឺនដុល្លារនៅសាលាបឋមសិក្សាថ្នាញ ត្រូវបានសម្ពោធ
ស្វាយរៀង៖អគារសិក្សាមួយខ្នង កម្ពស់ពីរជាន់ ស្មើនឹង១២បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាថ្នាញ សង្កាត់បាទី ក្រុងបាវិត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងសប្ដាហ៍នេះក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ។អគារសិក្សាមួយខ្នងនេះសាងសង់ដោយសប្បុរសជននិងតម្លៃ២៥ម៉ឺនដុល្លារអាម៉េរិក។
ទាក់ទងនឹងអគារសិក្សាថ្មីនៅសាលាបឋមសិក្សាថ្នាញ ដំបូងឡើយដោយមើលឃើញពីស្ថានភាពអគារសិក្សាមានសភាពចាស់ទ្រុឌទ្រោម និងកំណើនសិស្សជារៀងរាល់ឆ្នាំ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងលោក ឈី តុងសឺង ព្រមទាំងសប្បុជនដទៃទៀតបានពិភាក្សាគ្នា ហើយបានចុះមកពិនិត្យទីតាំង និងមើលស្ថានភាពសាលាផ្ទាល់ និងឯកភាពគ្នាសម្រេចជួយកសាងអគារសិក្សាថ្មីចំនួនមួយខ្នងនេះឡើង។អគារសិក្សាក៏បានបំពាក់សម្ភារមួយចំនួន រួម មានតុ សិស្ស កៅអីសិស្ស តុគ្រូ និងក្តារខៀន ដោយចំណាយថវិកាសរុប២៥០.០០០ដុល្លារ។
ជាមួយនឹងការអរគុណចំពោះលោកអភិបាលក្រុង មន្ត្រីក្រោមឱវាទ និងសប្បុរសជននានា ដែលបានគិតគូរនិងផ្តល់នូវអគារសិក្សាថ្មីសន្លាង ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានចាត់ទុកសមិទ្ធផលអគារសិក្សានេះ មិនត្រឹមតែបានចូលរួមចំណែកជួយបំពេញតម្រូវការចាំបាច់ផ្នែកហេដ្ឋារចនាសម្ព័ន្ធអប់រំប៉ុណ្ណោះទេ តែក៏ជាការឆ្លើយតបបានទាន់ពេលវេលាស្របតាមគោលដៅអភិវឌ្ឍន៍សហសវត្សកម្ពុជាផងដែរ៕
ដោយ៖នុត នាង




