រដ្ឋបាលខេត្ត និងតំណាងរាស្រ្តមណ្ឌលកំពង់ចាមរៀបចំអាហារមួយពេល ដល់សិស្សសាលាគ-ថ្លង់ និងកុមារកំព្រា

កំពង់ចាម៖ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្ត​កំពង់ចាម និងលោកជំទាវ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាល និងរៀបចំ​អាហារមួយពេលសម្រាប់សិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេស (សាលាគ-ថ្លង់)ក្រុងកំពង់ចាម និង​កុមារកំព្រា​កុមារនៅក្នុងមណ្ឌលកុមារកំព្រាខេត្ត។

ក្នុងពិធីដែលរៀបចំឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នៅបរិវេណវិទ្យាល័យអប់រំពិសេស ក្រុងកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែល​ជានិច្ចកាល​លោកទាំងពីរតែងតែយកចិត្តទុកដាក់ចំពោះប្អូនៗ ក្មួយៗ ជាកុមារពិការភ្នែក កុមារ គ-ថ្លង់ និងកុមារកំព្រា ។
ឯកឧត្តមបានប្រាប់ក្មួយៗត្រូវខិតខំរៀនសូត្រនិងត្រូវស្តាប់តាមដំបូន្មានលោកគ្រូ អ្នកគ្រូ ។

ចំណែកឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា គិតមកដល់ពេលនេះ មានរយៈពេលជាង២០ឆ្នាំ ហើយ គឺតាំងពីគេហៅ អ៊ុំ រហូតដល់គេហៅ តា ដែលបានជួយទំនុកបម្រុងដល់កុមារកំព្រា ពិការភ្នែក គថ្លង់ និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាមនេះ ។

គួរបញ្ជាក់ថា សិស្សពិការភ្នែក និងគម្លង់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាមចំនួន ១៩៥នាក់ ក្នុងនោះបុគ្គលិក និង​គ្រូមានចំនួន ៤៥នាក់។ ដោយឡែកមណ្ឌលកុមារកំព្រាខេត្តកំពង់ចាមមានសិស្ស ចំនួន ៥២នាក់ និងបុគ្គលិកសរុប ១២នាក់។ ចំពោះសកម្មភាពសិក្សាសិស្សពិការភ្នែកមាន ១២ថ្នាក់ ចាប់ពីថ្នាក់ទី១ ដល់ទី១២- ។សិស្សគថ្លង់មាន ១៣ថ្នាក់ ចាប់ពីថ្នាក់ទី១-ក ទី១-ខ ដល់ទី១២ ។ សិស្សពិការភ្នែកចាប់ពីថ្នាក់ទី៣ និងគថ្លង់ចាប់ពីថ្នាក់ទី៥ ត្រូវបាន​បញ្ជូនទៅរៀនថ្នាក់ បរិយាបន្នសាលាទួលថ្ម មួយពេល។ ចំណែកសិស្សថ្នាក់ទី៧ ដល់១២ ត្រូវទៅរៀនថ្នាក់បរិយាបន្ន នៅវិទ្យាល័យព្រះសីហនុមួយពេលដែរ៕

ដោយ៖នុត នាង

ads banner