សិស្ស ២,៦៨០​នាក់ ជាផ្កាផ្លែ សង្កម ប្រើពេល​១២ឆ្នាំ ដើម្បីសម្រួចធនធានមនុស្សតាមទិសដៅយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖  ១២ឆ្នាំមកនេះ សាលាប៊ែលធីអន្តរជាតិ ខិតខំអប់រំ ផ្តល់ចំណេះដឹង ដើម្បីប្រែក្លាយសិស្ស២,៦៨០នាក់ អោយក្លាយជាធនធានមនុស្សដែលអាចបំពេញតម្រូវការសង្គម រឺសិក្សាបន្តបន្ថែមទៀត ពង្រឹងសមត្ថភាពក្លាយជាអ្នកដឹកនាំល្អនាពេលអនាគត។ ជាផ្លែផ្កាសង្គម ក៏ព្រោះវិស័យអប់រំឯកជន មានតួនាទីចូលរួមចំណែកអភិវឌ្ឍមុំមួយក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ផ្កាផ្លែសង្កម ចំនួន ២,៦៨០នាក់ ត្រូវបានសាលាប៊ែលធីអន្តរជាតិ យកចិត្តទុកដាក់ បណ្តុះបណ្តាល ក្នុងការប្រែ ធនធានមនុស្ស អោយក្លាយជាពន្លកគ្រាប់ពូជសង្គម ដែលនឹងរីកសុះសាយនាពេលខាងមុខ។

បើតាម លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបញ្ជាក់ថា បច្ចុប្បន្នសាលា ប៊ែលធី ​អន្តរជាតិ មាន ៣៣សាខា​​ ក្នុងនោះ ១សាខាកំពុងសាងសង់ និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់) ផ្តល់ការងារដល់ពលរដ្ឋខ្មែរ  ២,៨៩៦កន្លែង។ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ សិស្សថ្នាក់ទី​១២ ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់ ស្មើនឹង ៩៧.៣១% និងមានសិស្សនិទ្ទេស​​A ចំនួន ២៣៩នាក់។ ចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រចំនួន២៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។ 

ឯកឧត្តមបណ្ឌិត លី ឆេង បានកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែង សិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមកនេះ ជាពិសេសគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ។ ជាមួយនឹងជោគជ័យរបស់ក្មួយៗ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរព វិន័យសាលា ព្រមទាំងសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណាដែលខ្លួនស្រឡាញ់ពេញចិត្ត សម្រាប់ធ្វើជាអាជីពខ្លួនឯងទៅថ្ងៃ អនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាននិងពិភពលោក ដើម្បីដើរឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្ម ៤.០។ ជាពិសេស ត្រូវមានមនសិការជាតិ សាមគ្គីភាពជាតិ ឯកភាពជាតិជាធ្លុងមួយយ៉ាងរឹងមាំ  ហើយត្រូវជឿជាក់ និងគាំទ្រលើការដឹកនាំដ៏ត្រឹមត្រូវ របស់ថ្នាក់ដឹកនាំ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរ- ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមបណ្ឌិត និង លោកជំទាវ បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្ស ជ័យលាភីទាំង ២,៦៨០នាក់ នាពេលនោះផងដែរ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner