សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា បើកសន្និបាតលើកទី២៤ «រួមគ្នាសង្រ្គោះជីវិតមាតា និងទារក»
(ភ្នំពេញ)៖ ដើម្បីកាត់បន្ថយអត្រាមរណៈភាព មាតា និង ទារក បន្ថែមទៀត កម្ពុជាត្រូវពឹងផ្អែកទាំងស្រុងលើសមត្ថភាពជំនាញរបស់វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស សាស្ត្រាចារ្យ ផ្នែកសម្ភព និងរោគស្ត្រីវិទ្យាទាំងអស់គ្នានេះហើយ ពីព្រោះ ករណីផ្ទៃពោះ ឬសម្រាលកូនធម្មតា មិនមែនជាឧបសគ្គទៀតទេ តែការដោះស្រាយករណី សម្រាលកូនលំបាក មានឧបសគ្គ នៅតែជាបញ្ហានៅឡើយ។ ការខិតខំប្រមូលសមាជិកសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជាឲ្យបានច្រើន ធ្វើការបណ្តុះបណ្តាល ចែករំលែកចំណេះដឹង ឲ្យគ្នាទៅវិញទៅមកបានទៀងទាត់ និងទាន់ពេលវេលា ជាកត្តាសំខាន់ និងជួយចូលរួម ដោះស្រាយបញ្ហានាពេលអនាគត។
នេះជាប្រសាសន៍ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការ តំណាង ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងពិធីបើកសន្និបាតលើកទី២៤ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ «រួមគ្នាសង្រ្គោះជីវិតមាត និងទារក» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
ឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា បានមានប្រសាសន៍ថា ប្រធានបទលើកនេះគឺ “រួមគ្នាសង្គ្រោះជីវិតមាតា និង ទារក” ។ ជារៀងរាល់ឆ្នាំសមាគមបានរៀបចំសន្និបាតនេះ ដើម្បីផ្លាស់ប្តូរយោបល់ ចំណេះដឹង និងរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងជំនាញសម្ភព និងរោគស្ត្រី និងបង្កើនចំណេះដឹងរបស់សមាជិក សមាជិកា ក៏ដូចជាទុនក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធិភាព និងគុណភាពប្រកបដោយគុណធម៌ និងសុវត្ថិភាព។ ក្រៅពីបង្កើនចំណេះដឹង ចំណេះធ្វើនៅពេលនេះយើងត្រូវមានកាតព្វកិច្ច ធ្វើយ៉ាងដូចម្តេចឲ្យមានសន្ទុះ ឆន្ទៈខ្លាំងក្លា ប្រកបដោយសីលធម៌ តាមវិជ្ជាជីវៈ ដើម្បីប្រជាជន ។
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានថ្លែងថា បញ្ជាក់ថា សន្និបាតនេះ គឺពិតជាព្រឹត្តិការណ៍ ដ៏ពិសេសវិសាលមួយ ក្នុងការលើកកំពស់នូវគុណភាព ចំណេះដឹងជំនាញ អ្នកផ្តល់សេវា សុខាភិបាលកម្ពុជាយើង សំដៅធ្វើឱ្យមានសុក្រិតភាពលើការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា ។ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣កន្លងទៅក្រសួងសុខាភិបាលក៏បានប្រកាសដាក់ចូលការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំ ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ សំដៅលើក កម្ពស់សុខមាលភាព ប្រជាពលរដ្ឋកម្ពុជា និងក៏ចូលរួមចំណែកក្នុងគោលដៅលុបបំបាត់ជំងឺមហារីកមាត់ស្បូននាឆ្នាំ២០៣០របស់អង្គការសុខភាពពិភពលោក (WHO) ផងដែរ៕
រូបភាព ៖ ថេត វិចិត្រ
អត្ថបទ ៖ ហេង សម្បត្តិ






