ពិព័​រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិ​ជ្ជា​ជីវៈ ​នៅខេត្តបន្ទាយមានជ័យ នាំមក​ឱកាស​ការ​ងារ​រាប់​ពាន់កន្លែង

(បន្ទាយមានជ័យ)៖ ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករ​ដែល​ត្រ​ឡប់​មកពីប្រទេសថៃ ដោយនាំយក​ឱកាសការ​ងារ​ជាង ៦ពាន់កន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍ នៃរបប​សន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះ​បណ្តា​ល​​ជំ​នាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅ​ព្រឹក​​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅផ្សារចម្ការតា​ដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ពិព័រណ៍នេះ​រៀប​ចំដោយទីភ្នាក់ងារជាតិមុខរបរ និង​ការ​ងា​រ (NEA) នៃ​ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជី​វៈ រដ្ឋបាល​ស្រុកមង្គលបូរី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​បន្ទាយមានជ័យ វិស័យឯកជន សមាគម​មិត្ត​យើង អ្នក​ផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធ​ផ្សេង​ទៀត ដែលមានអ្នកចូលរួមប្រមាណ ១ពាន់នាក់។

ក្នុងពិព័រណ៍ដ៏សំខាន់នេះ មានសហគ្រាស ក្រុមហ៊ុន រោងចក្រ ចំនួន ២១ បានចូលរួមសម្ភាស និង​ជ្រើស​​រើសបុគ្គលិកភ្លាមៗដោយផ្ទាល់ និងមានតម្រូវការកម្លាំង​ពលកម្មសរុបជាង ៦ ៥០០នាក់។ បងប្អូនអតីតពលករ និង​អ្នកចូលរួមទាំងអស់ បានទទួលការដឹកជញ្ជូន ផ្តល់​អា​ហារ ភេសជ្ជៈ និងកាហ្វេ ព្រមទាំងទទួលបានការ​កាត់សក់​ពីអ្នកជំនាញដោយឥតគិតថ្លៃថែមទៀតផង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខា​ធិការ តំណាង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការ​ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រ​សា​សន៍ថា ការធ្វើការងារក្នុងស្រុក ទទួលបានប្រាក់ឈ្នួល​សមរម្យ​ទៅតាមជំនាញរបស់បងប្អូន និងមិនមាន​ការ​បង់ប្រាក់​លើបណ្ណការងារនោះឡើយ ហើយក៏មិន​មាន​នគរបាល​ចុះទៅផាកពិន័យអ្វីដែរ។ លើសពីនេះទៀត ធ្វើការងារ​ក្នុងស្រុក ទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា មាន បណ្ណ ប.ស.ស. ដែលអាចទៅពិនិត្យ និង​ព្យាបាលជំងឺ​ដោយ​ឥតគិតថ្លៃ ហើយមានប្រាក់សោធន​នៅពេលធ្វើ​ការ​ងារ​ដល់អាយុ ៦០ឆ្នាំ មានឱកាស​ជួប​ជុំក្រុមគ្រួសារ​បានច្រើន ទាំងនៅក្នុងពិធីបុណ្យទាននានា ក៏ដូចជានៅ​ថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ប្រសិនបើធ្វើ​កា​រ​​ជិតផ្ទះ​អាច​ត្រឡប់ទៅស្នាក់នៅផ្ទះវិញ ដោយមិន​ចំ​ណា​យ​លុយលើការជួលផ្ទះ ហើយក៏អាចនៅ​សល់​ពេល​ធ្វើ​ស្រែចម្ការ ឬការងារអ្វីផ្សេងទៀតបានដែរ។ ម្យ៉ាង​ទៀ​ត ការធ្វើការងារក្នុងស្រុក គឺធានាបាននូវសុខសុវត្ថិភាព​។

សូមជម្រាបថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ នៅតាមបណ្ដាខេត្តចំនួន ១៧លើក​រួចមកហើយ។ លើសពីនេះទៀត ក៏បានរៀបចំវេទិកា​ការងារនៅតាមបណ្ដាខេត្តចំនួន ៥៥៨លើករួចមក​ហើយ​ដែរ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner