គណៈប្រតិភូក្រសួងប្រៃសណីយ៍ អញ្ជើញចូលរួមកម្មវិធី Silicon Valley Summit 2025 នៅសហរដ្ឋអាម៉េរិក
ភ្នំពេញ៖ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.)បានដឹកនាំគណៈប្រតិភូ រួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យានិងធុរកិច្ចថ្មីឌីជីថល (Digital Startup) ចំនួនពីរ( BookMeBus និង Bamnang) អញ្ជើញចូលរួមកម្មវិធី Silicon Valley Summit 2025 ដែលរៀបចំដោយក្រុមហ៊ុន Plug and Play នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២៥។
មន្រ្តីក្រសួងប្រៃសណីយ៍បានឱ្យដឹងថា កម្មវិធីនេះជាព្រឹត្តិការណ៍សម្រាប់សហគ្រិនធុរកិច្ចថ្មីឌីជីថល វិនិយោគិន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងអ្នកជំនាញនានា បង្ហាញអំពីផលិតផល សេវាកម្ម ឬដំណោះស្រាយថ្មីៗ បង្កើតបណ្ដាញនិងដៃគូពាណិជ្ជកម្ម ការស្វែងរកមូលនិធិ និងការ Pitching ដើម្បីទទួលបានការវិនិយោគ ។លើសពីនេះក៏ជាសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធពីថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកជំនាញលើវិស័យជាច្រើន។
ប្រភពដដែលបញ្ជាក់ថា កម្មវិធីនេះដែរមានអ្នកចូលរួមប្រមាណ ៦ ០០០ នាក់ មកពីជុំវិញពិភពលោក និងធុរកិច្ចថ្មីឌីជីថលអន្តរជាតិជាង ១ ១០០ លើ ២៥ វិស័យផ្សេងគ្នា។ ដោយឡែកធុរកិច្ចថ្មីឌីជីថលកម្ពុជា បានកសាងបណ្ដាញជាមួយធុរកិច្ចថ្មីឌីជីថលអន្តរជាតិនានា និងចាប់យកឱកាសវិនិយោគពីក្រុមហ៊ុន Plug and Play ដែលជាការជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជា ឱ្យរីកចម្រើនកាន់តែឆាប់រហ័ស ជាពិសេសចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។
ស្នាក់នៅបំពេញការងារនៅទីនោះ ឯកឧត្តមរដ្ឋលេខាធិការបានជួបពិភាក្សាជាមួយ លោក Larry Klein អភិបាលក្រុង Sunnyvale ដើម្បីស្វែងយល់អំពីឧត្តមានុវត្តន៍នៃការធ្វើបរិវត្តកម្មឌីជីថល និងបន្តកិច្ចសហប្រតិបត្តិការ ចែករំលែកចំណេះដឹងនិងឧត្តមានុវត្តន៍បរិវត្តកម្មឌីជីថល រវាង ក.ប.ទ. និងទីក្រុង Sunnyvale ជាទីក្រុងរបស់តំបន់ Silicon Valley ដែលប្រមូលផ្ដុំទៅដោយក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកជាច្រើន។
លើសពីនេះ ប្រតិភូ ក៏បានជាមួយពិភាក្សារជាមួយ គណៈប្រតិភូនៃតំបន់អភិវឌ្ឍសេដ្ឋកិច្ចនិងបច្ចេកវិទ្យា Nantong (NETDA) ដើម្បីស្វែងយល់ពីសក្ដានុពលនិងកិច្ចសហប្រតិបត្តិការ ក៏ដូចជាឱកាសក្នុងការនាំយកធុរកិច្ចថ្មីឌីជីថលនៅកម្ពុជាពង្រីកទីផ្សារទៅកាន់ទីក្រុង Nantong។ប្រតិភូក៏បានជួបជាមួយអ្នកជំនាញរបស់មជ្ឈមណ្ឌល Plug and Play ដើម្បីពិភាក្សាការងាររៀបចំផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ សម្រាប់អភិវឌ្ឍអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលនៅកម្ពុជាផងដែរ៕
ដោយ៖ង៉ាន់ ទិត្យ





