ហាងកាហ្វេថៃ Amazon ដួលរលំ ក្រោយប្រជែងមិនឈ្នះកាហ្វេក្នុងស្រុកវៀតណាម

ហាណូយ ៖ Amazon ដែលជាម៉ាកយីហោហាងកាហ្វេដ៏ធំបំផុតរបស់ថៃ បានបិទដំណើរការហាងទាំង ១២ទីតាំងទូទាំងប្រទេសវៀតណាម ក្រោយបើករកស៊ីបាន ៥ឆ្នាំ ក្រោមហេតុផលផ្លាស់ប្តូរយុទ្ធសាស្រ្តអាជីវកម្ម ប៉ុន្តែជាក់ស្តែង ទំនងជាប្រជែងមិនឈ្នះហាងកាហ្វេក្នុងស្រុករបស់វៀតណាម។ នេះបើតាមសារព័ត៌មាន VNExpress កាលពីថ្ងៃសៅរ៍។

អ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយវៀតណាមថា គ្រប់ហាង Café Amazon ទាំងអស់បានបិទទ្វារឈប់បម្រើអតិថិជនក្នុងសប្តាហ៍នេះ។ តួយ៉ាង ហាង Café Amazon នៅទីក្រុងហូជីមិញ បានដកផ្លាកសញ្ញា ហើយបង្វិលទីតាំងជួលទៅម្ចាស់ដើមវិញ។ ហើយនៅទីតាំងខ្លះ ត្រូវបានជំនួសដោយអ្នកជួលថ្មី។

បើតាមប្រភពពីគេហទំព័រ MSN, ហាង Café Amazon បានវាយលុកដណ្តើមចំណែកទីផ្សារកាហ្វេនៅប្រទេសវៀតណាម ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងហាងដំបូងរបស់ខ្លួននៅទីក្រុងហូជីមិញ។

ហាង Café Amazon របស់ថៃបានប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសវៀតណាម ពីម៉ាកយីហោក្នុងស្រុក និងអន្តរជាតិដែលលេចធ្លោ រួមមាន Highlands Coffee, Phuc Long, Katinat, Trung Nguyen Legend Café និង Starbucks។

យោងតាមប្រភពពីគេហទំព័រ inside retail asia, ក្រោយបរាជ័យរកស៊ីនៅកម្ពុជា និងវៀតណាម ឥឡូវនេះ ហាង Café Amazon របស់ថៃ កំពុងស្វែងរកទីផ្សារថ្មីនៅប្រទេសឡាវ ហ្វីលីពីន ជប៉ុន អូម៉ង់ និងបារ៉ែន តាមរយៈការលក់ប្រេនឆាយ ឬកម្មសិទ្ធិបញ្ញា៕

ប្រភព ៖ VNExpress, MSN និង inside retail asia ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner