នីហ្សេរីយ៉ាបិទសាលារៀនទាំងអស់ ក្រោយខ្មាន់កាំភ្លើងចាប់ពង្រត់សិស្សជាង ៣០០នាក់
នីហ្សេ ៖ សាលារៀនទាំងអស់នៅក្នុងរដ្ឋនីហ្សេ ភាគខាងជើងប្រទេសនីហ្សេរីយ៉ា ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបានចាប់ពង្រង់សិស្សសាលាជាង ៣០០នាក់ រួមទាំងគ្រូបង្រៀន។

ក្រោយទទួលបានដំណឹងនេះ ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu បានសម្រេចចិត្តលុបចោលការចូលរួមជាសហគមន៍អន្តរជាតិ រួមទាំងការចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Johannesburg ដើម្បីដោះស្រាយវិបត្តិនេះ។ ទន្ទឹមគ្នា ក្រសួងអប់រំជាតិនីហ្សេរីយ៉ាក៏បានបញ្ជាឱ្យសាលាអនុវិទ្យាល័យចំនួន ៤៧កន្លែងទូទាំងប្រទេសបិទទ្វារជាបណ្តោះអាសន្ន។

សមាគមគ្រិស្តសាសនានីហ្សេរីយ៉ា ហៅកាត់ថា CAN បាននិយាយកាលពីថ្ងៃសៅរ៍ថា សិស្សសាលាសរុបចំនួន ៣០៣នាក់ និងគ្រូបង្រៀន ១២នាក់ ត្រូវបានក្រុមខ្មាន់កាំភ្លើងចាប់ពង្រត់ អំឡុងពេលវាយប្រហារលើសាលាកាតូលិក St Mary’s Catholic School កាលពីថ្ងៃសុក្រ ខណៈការព្រួយបារម្ភពីសន្តិសុខកើនឡើង នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិកមួយនេះ។
ការវាយប្រហារនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមប្រដាប់អាវុធបានសម្រុកវាយលុកសាលាមធ្យមសិក្សាមួយកន្លែង នៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា ដោយចាប់ពង្រត់ក្មេងស្រីសិស្សសាលាចំនួន ២៥នាក់ នៅក្នុងទីក្រុង Maga នៃរដ្ឋ Kebbi ដែលមានចម្ងាយ ១៧០គីឡូម៉ែត្រ កាលពីព្រឹកព្រលឹមថ្ងៃចន្ទសប្ដាហ៍មុន។

ក្រោយមក ក្មេងស្រីម្នាក់បានរត់គេចខ្លួនរួច ហើយ២៤នាក់នៅតែបាត់ខ្លួន។ គិតមកទល់ពេលនេះ មិនទាន់មានក្រុមសកម្មប្រយុទ្ធណាមួយចេញមុខអះអាងទទួលខុសត្រូវ ចំពោះការចាប់ពង្រត់សិស្សសាលាទាំងពីរករណីនេះនៅឡើយទេ ហើយក្រុមអាជ្ញាធរនីហ្សេរីយ៉ានិយាយថា ក្រុមបច្ចេកទេសត្រូវបានដាក់ពង្រាយ រួមជាមួយក្រុមអ្នកប្រមាញ់ក្នុងស្រុក ដើម្បីជួយសង្គ្រោះសិស្សសាលា និងគ្រូបង្រៀនទាំងនោះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
