អង់គ្លេស-ឥណ្ឌូនេស៊ី ចុះកិច្ចព្រមព្រៀងសាងសង់នាវាតម្លៃជាង ៥ ពាន់លានដុល្លារ
ឡុងដ៍ ៖ ចក្រភពអង់គ្លេស និងឥណ្ឌូនេស៊ីឯកភាពលើកិច្ចព្រមព្រៀងជើងទឹកមានតម្លៃ ៥,២៤ពាន់លានដុល្លារ ដោយក្រុមហ៊ុនការពារជាតិ Babcock នឹងដឹកនាំការសាងសង់នាវាសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
រដ្ឋាភិបាលចក្រភពអង់គ្លេសនិយាយថា ក្រោមកិច្ចព្រមព្រៀងនេះ នាវានឹងត្រូវបានសាងសង់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយប្រើជំនាញបច្ចេកទេសសាងសង់របស់អង់គ្លេស ដែលនឹងជួយបង្កើតការងារដល់បុគ្គលិកចំនួន ១,០០០នាក់នៅក្នុងចក្រភពអង់គ្លេស។
កិច្ចព្រមព្រៀងនេះ កើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer និយាយទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto កាលពីសប្តាហ៍មុន។
តាមរយៈកិច្ចព្រមព្រៀងនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ចក្រភពអង់គ្លេស និងឥណ្ឌូនេស៊ី ចំពោះស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយរក្សានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងគាំទ្រដល់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។
កិច្ចព្រមព្រៀងនេះទៀតសោត កើតឡើងក្រោយចក្រភពអង់គ្លេសចុះកុងត្រាមានតម្លៃ ១៣ពាន់លានដុល្លារជាមួយន័រវេស ដើម្បីសាងសង់នាវាចម្បាំង និងជួយបង្កើតការងារចំនួន ៤,០០០នាក់នៅចក្រភពអង់គ្លេស។
រីឯកិច្ចព្រមព្រៀងមួយទៀត ធ្វើឡើងជាមួយតួកគីមានតម្លៃ ១០ពាន់លានដុល្លារ ក្នុងការទិញលក់យន្តហោះចម្បាំង Typhoon ចំនួន ២០គ្រឿង និងជួយបង្កើតការងារចំនួន ២០,០០០នាក់ថែមទៀតនៅចក្រភពអង់គ្លេស៕
ប្រភព ៖ រ៉យទ័រ និង gov.uk ប្រែសម្រួល ៖ ឈឹម ទីណា
