ម៉ាឡេស៊ីច្រានចោល ក្រោយថៃចោទជ្រៀតជ្រែកជម្លោះព្រំដែនកម្ពុជា-ថៃ

គូឡាឡាំពួរ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រកាសច្រានចោលការចោទប្រកាន់របស់ក្រុមជ្រុលនិយមថៃ ដែលចោទរូបលោកថាបានជ្រៀតជ្រែកក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដោយលោកបានបកស្រាយថា ម៉ាឡេស៊ីតែងរករក្សាតួនាទីអព្យាក្រឹត ក្នុងការជួយសម្របសម្រួលការចរចាបញ្ចប់ជម្លោះរវាងប្រជាជាតិអាស៊ានទាំងពីរ។

ការអត្ថាធិប្បាយបែបនេះរបស់លោកនាយករដ្ឋមន្រ្តី អាន់វ៉ា ធ្វើឡើងក្នុងគោលបំណងឆ្លើយតបការរិះគន់របស់ហ្វូងបាតុករថៃ ដែលបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតម៉ាឡេស៊ីក្នុងទីក្រុងបាងកក កាលពីចុងសប្តាហ៍មុន ដោយចោទប្រកាន់រូបលោកថា បានធ្វើខ្លួនហួសពីតួនាទីជាប្រធានអាស៊ាន និងបានជ្រៀតជ្រែកកិច្ចខិតខំប្រឹងប្រែងរបស់ថៃ ដើម្បីរក្សាអធិបតេយ្យភាពរបស់ខ្លួន។

យ៉ាងណាមិញ មេដឹកនាំម៉ាឡេស៊ីមានវ័យ៧៨ឆ្នាំរូបនេះ បានប្រាប់ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ អំឡុងពេលចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង យ៉ាងដូច្នេះថា ដំបូង ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា ក្នុងនាមជាអ្នកជិតខាងមានភូមិផងរបងជាប់គ្នា… យើងពិតជាមានការព្រួយបារម្ភអំពីជម្លោះកម្ពុជា-ថៃ ប៉ុន្តែយើងមិនជាប់ពាក់ព័ន្ធក្នុងជម្លោះនេះទេ។

លោកនាយករដ្ឋមន្រ្តី អាន់វ៉ា បន្ថែមថា យើងគ្រាន់តែចង់ជួយសម្របសម្រួល ដើម្បីជួយពួកគេឱ្យសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះរបស់ពួកគេប៉ុណ្ណោះ ក្នុងនាមប្រទេសជាមិត្ត។ លោកថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បាននិយាយអំពីបញ្ហានេះជាមួយមេដឹកនាំនៃភាគីជម្លោះទាំងពីរផងដែរ ពេលខ្ញុំធ្វើជាប្រធានកិច្ចប្រជុំរវាងភាគីជម្លោះទាំងពីរ។

ដូច្នេះ ខ្ញុំគិតថា យើងគួរជៀសវាងឱ្យមានការរំខានដល់កិច្ចការសំខាន់របស់យើង ដើម្បីសម្រេចបាននូវសន្តិភាព ដោយសារតែសេចក្តីថ្លែងការណ៍មួយចំនួន ដែលបានធ្វើឡើងដោយក្រុមមនុស្សអគតិ និងពោលពេញដោយភាពអស់សង្ឃឹមមួយក្តាប់តូចនោះទេ។

សូមរម្លឹកថា ភាពតានតឹងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងឈានដល់ការប្រយុទ្ធគ្នាកាលពីខែកក្កដា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤៨នាក់ត្រូវបានសម្លាប់ និងមនុស្សប្រហែល ៣០០,០០០នាក់ក្លាយជាជនភៀសសឹក៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner