ទឹកជំនន់នៅវៀតណាម មនុស្សស្លាប់កើនដល់៩០នាក់
ហាណូយ ៖ ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅប្រទេសវៀតណាមបានកើនដល់ ៩០នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ។
អាជ្ញាធរបាននិយាយថា ភ្លៀងធ្លាក់ខ្លាំង, ទឹកជំនន់ធ្ងន់ធ្ងរ និងការរអិលបាក់ដី ប្រមាណ១សប្តាហ៍ចុងក្រោយនេះ បានធ្វើឱ្យមនុស្សម្នាបានជាប់គាំង នៅលើដំបូលផ្ទះ ខណៈដែលផ្លូវភ្នំ ត្រូវបានបិទ។
ភ្លៀងធ្លាក់ឥតឈប់ឈរបានបោកបក់ នៅភាគកណ្តាលភាគខាងត្បូង ប្រទេស ចាប់តាំងពីចុងខែតុលា ហើយតំបន់គោលដៅសម្រាប់ថ្ងៃឈប់សម្រាកដ៏ពេញនិយម ត្រូវបានវាយប្រហារ ជាមួយនឹងការខាតបង់សេដ្ឋកិច្ចប៉ាន់ស្មាន រាប់រយលានដុល្លារ។
ផ្នែកទាំងមូល នៃ ទីក្រុងឆ្នេរសមុទ្រ Nha Trang ត្រូវបានជន់លិច កាលពីសប្តាហ៍មុន ខណៈដែលការរអិលបាក់ដីដ៏សាហាវ បានវាយប្រហារតំបន់ខ្ពង់រាប ជុំវិញមជ្ឈមណ្ឌលទេសចរណ៍ Da Lat ។
ស្រូវជាង ៨ម៉ឺនហិកតា និង ដំណាំផ្សេងទៀតនៅទូទាំងខេត្ត Dak Lak និងខេត្តចំនួនបួនផ្សេងទៀត បានរងការខូចខាត ហើយ សត្វពាហនៈ ឬបក្សីជាង ៣លាន២សែនក្បាលបានងាប់ ឬ លិចលង់ ដោយសារទឹកជំនន់។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Tuoi Tre News បាននិយាយថា អាជ្ញាធរបានប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីទម្លាក់ជំនួយដល់សហគមន៍ ដែលត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ និងការរអិលបាក់ដី។ រដ្ឋាភិបាលបានដាក់ពង្រាយមន្ត្រីរាប់ម៉ឺននាក់ ដើម្បីចែកចាយសម្លៀកបំពាក់, ឧបករណ៍បន្សុទ្ធទឹក មីកញ្ចប់ និងការផ្គត់ផ្គង់ផ្សេងទៀត ទៅកាន់តំបន់រងផលប៉ះពាល់។
ក្រសួងបានប៉ាន់ប្រមាណការខាតបង់សេដ្ឋកិច្ចចំនួន ៣៤៣ លានដុល្លារ នៅទូទាំងខេត្តចំនួន ៥ ដោយសារទឹកជំនន់។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ងាយនឹងមានភ្លៀងធ្លាក់ខ្លាំង នៅចន្លោះខែមិថុនា ដល់ខែកញ្ញា ប៉ុន្តែ អ្នកវិទ្យាសាស្ត្របានកំណត់នូវគំរូនៃការប្រែប្រួលអាកាសធាតុ ដែលជំរុញដោយសកម្មភាពមនុស្ស ជាហេតុធ្វើឱ្យអាកាសធាតុធ្ងន់ធ្ងរ កាន់តែកើតឡើងញឹកញាប់ និងកាន់តែបំផ្លិចបំផ្លាញ។
យោងតាមការិយាល័យស្ថិតិជាតិបានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិបានធ្វើឱ្យមនុស្សចំនួន ២៧៩ នាក់ស្លាប់ ឬបាត់ខ្លួន នៅក្នុងប្រទេសវៀតណាម និងបានបណ្តាលឱ្យមានការខូចខាតសេដ្ឋកិច្ច ជាង ២ ពាន់លានដុល្លារ កាលពីចន្លោះខែមករា ដល់ ខែតុលា ឆ្នាំ២០២៥៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
