មេធំអ៊ីស្រាអែលប្តេជ្ញាបន្តកម្ចាត់ហាម៉ាស់ និងហេសបូឡា

ហ្ស៊េរុយសាឡិម ៖ មេធំរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានប្តេជ្ញាបន្តតាមកម្ចាត់ក្រុមហាម៉ាស់ និង ហេសបូឡា។

ថ្លែងនៅពេលបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) បានទទូចថា អ៊ីស្រាអែលនឹងបន្តធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបញ្ឈប់ក្រុម ហេសបូឡា (Hezbollah) នៅក្នុងប្រទេសលីបង់ និងក្រុម ហាម៉ាស់ (Hamas) នៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប (Gaza Strip)។

ក្នុងរយៈពេលមួយសប្តាហ៍ កន្លងមកនេះ អ៊ីស្រាអែលបានវាយប្រហារលើគោលដៅជាច្រើន នៅក្នុងប្រទេសលីបង់ ដែលនៅជិតខាង។ យោធាអ៊ីស្រាអែលបាននិយាយ កាលពីថ្ងៃសៅរ៍ថា ខ្លួនបានវាយប្រហារទៅលើទីតាំងបាញ់គ្រាប់ផ្លោង របស់ក្រុមហេសបូឡា និង ទីតាំងយោធាផ្សេងៗទៀត។

រីឯ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ហ្គាហ្សា បាននិយាយថា មនុស្ស ២១នាក់ត្រូវបានសម្លាប់ និង រាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ តាមអាកាសជាច្រើនលើក របស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ខណៈដែលក្រុមហាម៉ាស់ និង អ៊ីស្រាអែលបានចោទប្រកាន់គ្នា ទៅវិញទៅមក អំពីការរំលោភលើបទឈប់បាញ់ដ៏ផុយស្រួយ ដែលមានចាប់តាំងពីថ្ងៃទី១០ ខែតុលា។

ថ្ងៃសៅរ៍ គឺជាថ្ងៃមួយ ក្នុងចំណោមថ្ងៃដែលមានមនុស្សស្លាប់បំផុត ចាប់តាំងពីបទឈប់បាញ់ បានចូលជាធរមាន បន្ទាប់ពីសង្គ្រាម ពីរឆ្នាំ។ជាបទឈប់បាញ់ បង្កើតឡើងក្រោមការសម្រសម្រួលពីសហរដ្ឋអាមេរិក។

លោក ណេតានយ៉ាហ៊ូ (Netanyahu) បានអះអាងថា «ក្រុមហាម៉ាស់បានធ្វើការ ប៉ុនប៉ងជាច្រើនដើម្បីជ្រៀតចូល ហួសពីបន្ទាត់ពណ៌លឿង ដើម្បីព្យាយាមធ្វើបាបមកលើទាហានរបស់យើង»។

មេធំអ៊ីស្រាអែលរូបនេះបានបន្ថែមថា «យើងបានរារាំងសកម្មភាពនេះ ដោយកម្លាំងដ៏អស្ចារ្យ ហើយថែមទាំងបានសងសឹក ដោយក្នុងនោះ ក្រុមភេរវករជាច្រើននាក់ ត្រូវបានយើងកំចាត់ចោល»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner