អ៊ីរ៉ង់ ថា មានគេប៉ងធ្វើឃាតមេដឹកនាំកំពូល Khamenei
តេហេរ៉ង់ ៖ ក្រសួងស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់ បានព្រមានពីការប៉ុនប៉ងរបស់សត្រូវបរទេស រួមទាំង សហរដ្ឋអាមេរិក និងអ៊ីស្រាអែលផងដែរ ដើម្បីធ្វើឃាតមេដឹកនាំកំពូល លោក អាយ៉ាតូឡាដ អាលី ខាមេណេ (Ayatollah Ali Khamenei) និងធ្វើឱ្យមានអស្ថិរភាព ដល់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។
ផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន ISNA របស់ប្រទេសនេះ ដែលបានរាយការណ៍ កាលពីថ្ងៃសៅរ៍, រដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់ លោក អេស្មែល ខាទីប (Esmail Khatib) បានព្រមានថា «សត្រូវស្វែងរកគោលដៅ លើមេដឹកនាំកំពូល អាចជាការប៉ុនប៉ងធ្វើឃាត ឬ ការវាយប្រហារ ដោយអរិភាព»។ លោក ខាទីប (Khati) បានបន្ថែម ដោយសំដៅដោយផ្ទាល់ទៅកាន់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកថា «អាចជាអ្នក ដែលធ្វើសកម្មភាព ក្នុងទិសដៅនេះ»។
ក្នុងអំឡុងពេលជម្លោះ កាលពីដើមឆ្នាំនេះ អ៊ីស្រាអែលបានកំណត់គោលដៅ លើមន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់, អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងទីតាំងនានា ក៏ដូចជា តំបន់លំនៅដ្ឋាន ហើយ ក្រោយមកសហរដ្ឋអាមេរិកបានចូលរួម ជាមួយនឹងការវាយប្រហារ លើទីតាំងនុយក្លេអ៊ែរសំខាន់ៗ។
លោក ខាមេណេ (Khamenei) ដែលមានអាយុ ៨៦ឆ្នាំ បានក្លាយជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ១៩៨៩ ហើយជាអ្នកកំណត់ចុងក្រោយ ជុំវិញកិច្ចការរដ្ឋទាំងអស់។
កាលពីដើមខែនេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូត ប៉េសេគៀន (Masoud Pezeshkian) ក៏ធ្លាប់បាននិយាយថា លោកមានការព្រួយបារម្ភ ជាពិសេស ចំពោះអាយុជីវិតរបស់ លោក ខាមេណេ (Khamenei) ក្នុងអំឡុងសង្រ្គាម ១២ថ្ងៃ កន្លងមក ហើយភ័យខ្លាចថា ស្ថាប័នរបស់ប្រទេសនេះ នឹងចាប់ផ្តើមបាក់បែកគ្នា។
កាលពីខែកក្កដា លោក ខាមេណេ (Khamenei) បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងអំឡុងសង្គ្រាម គឺមានបំណងធ្វើឱ្យសាធារណរដ្ឋអ៊ីស្លា មចុះខ្សោយ សាបព្រួសភាពចលាចល និងដឹកនាំ ផ្តួលរំលំប្រព័ន្ធដឹកនាំ។
បទឈប់បាញ់គ្នា រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល បានកើតឡើង តាំងពីថ្ងៃទី២៤ ខែមិថុនា ប៉ុន្តែ ទាំងអ៊ីស្រាអែល និងអាមេរិកបានគំរាមវាយប្រហារថ្មី ប្រសិនបើក្រុងតេអេរ៉ង់ ស្តារកម្មវិធីនុយក្លេអ៊ែរឡើងវិញ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
