ខេត្តព្រះសីហនុ នឹងក្លាយជាគោលដៅ ភ្ញៀវអន្តរ​ជាតិ​មកទស្សនាការប្រកួតកីឡាករល្បីៗកម្រិតពិភព​លោក

អត្ថបទដោយ៖
ជាវ ចន្ធូ

(ខេត្តសីហនុ)៖ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ​អូឡាំ​ពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងបញ្ជាក់ ក្នុង​សន្និសិទសារព័ត៌មានប្រដាល់គុនខ្មែរជើងឯកពិភពលោកឆ្នាំ២០២៥ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកាថា ខេត្ត​ព្រះ​សី​ហនុ នឹងក្លាយជាគោលដៅរៀបចំការប្រកួត​គុន​ខ្មែរ​ធំៗកម្រិតពិភពលោកដែលបញ្ជាក់អំពីអត្តសញ្ញា​ណ​សម្គាល់ព្រឹត្តិការណ៍ ដូចរដ្ឋអាឡាស្ការបស់សហរដ្ឋ​អាមេ​រិក ដែលការប្រកួតប្រដាល់ធំៗកម្រិតពិភពលោក​គេ​រៀប​​ចំនៅទីនោះ។

ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ទៀតថា ដើម្បីឱ្យខេត្ត​សក្កា​នុ​ពល​ជាប់មាត់សមុទ្រមួយនេះក្លាយជាខេត្តអត្ត​សញ្ញាណ​នៃកន្លែងប្រកួតគុនខ្មែរ​កម្រិតពិភពលោក​ផ្សព្វ​ផ្សាយទៅកាន់អន្តរជាតិ ការប្រកួតគុនខ្មែរជើងឯកពិភព​លោក ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំនៅ ខេត្តព្រះសីហនុជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៥នេះតទៅ។ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើង​ឯកពិ​ភព​លោក​នេះ មិនត្រឹមតែរំលេចផ្សព្វផ្សាយប្រដាល់គុនខ្មែរ​ដែល​ជា​កីឡាអត្តសញ្ញាណនៃដូងព្រលឹងជាតិឱ្យ​ល្បីសុះ​សា​យ​ប៉ុណ្ណោះទេនោះ។ ពោលវាបានជួយឱ្យតម្លៃខ្លួន​កីឡា​ករកម្ពុជាយើងកាន់តែខ្ពស់ ហើយពិភពលោកនឹងមាន​ការចាប់អារម្មណ៍មកកម្ពុជានិងយកកម្ពុជាជាគោលដៅ ដើម្បីមកទស្សនាការប្រកួតប្រដាល់គុនខ្មែរដែលមានកីឡាករល្បីៗប្រកួតកម្រិតអាជីពដណ្តើមខ្សែក្រវ៉ាត់ពិភពលោកនៅខេត្តព្រះសីហនុ។ដូច្នោះហើយ ការរៀបចំនេះ​ភាគីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំផែនការរួមគ្នាដើម្បីឈានទៅសម្រេចចក្ខុវិស័យ។

ឯកឧត្តម រដ្ឋលេខាធិការបានគូសបញ្ជាក់ទៀតថា ការប្រ​កួត​ជើងឯកពិភពលោកដែលកម្ពុជាយើងរៀបចំនេះ មិន​មានមហិច្ឆតាប្រកួតប្រជែងជាមួយប្រទេសណាទាំងអស់ ការរៀបនេះគឺដើម្បីកម្ពុជារឹងមាំខ្លួនឯង ល្បីល្បាញ​ខ្លួន​ឯង ពិសេស ជួយឱ្យខ្លួនឯងមានតម្លៃ ដែលទាំងអស់​នេះហើយ និងធ្វើឱ្យអន្តរជាតិមកចូលរួមជាសមាជិក​សហ​ព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិកាន់តែច្រើន នោះនឹងជួយឱ្យកម្ពុជាបានសម្រេចក្តីសបិន្ទដាក់បញ្ជូលគុនខ្មែរទៅក្នុងអូឡាំពិក។

ទន្ទឹមជាមួយគ្នានោះ លោក សាមុត សុធារិទ្ធ អភិបាល​រង នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងរំលេច​ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់ជើងឯក​គុនខ្មែរ​ពិភពលោក លើកទី៦ ឆ្នាំ២០២៥ នៅលើទឹកដីតំបន់​ឆ្នេរ​ខេត្តព្រះសីហនុ ពិតជាបានបង្ហាញពីភាពប្រទាក់​ក្រឡា​នៃការរៀបចំសកម្មភាពទេសចរណ៍ ដែលទាក់​ទាញភ្ញៀវមកសម្រាក និងលេងកម្សាន្តនៅខេត្តព្រះសី​ហនុ ឱ្យកាន់តែច្រើន។

រដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនហើយជាស្រេច ទាំងការរៀបចំក្រុមការងារដើម្បីសហការជាមួយក្រុមការងារថ្នាក់ជាតិ ការងារសន្តិសុខា សណ្តាប់ធ្នាប់ ក្នុងរៀប​ចំ​ព្រឹត្តិការណ៍ ប្រកួតកីឡាគុនខ្មែរជើងឯក​ពិភព​លោក​លើកទី៦ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១៧ – ២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីលានតេជោ ដើម្បីបង្កើតសប្បាយ​រីករាយ អធិកអធម។

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់​គុន​ខ្មែរ និងជាអគ្គលេខាធិការស្តីទី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរអន្តរជាតិ បានលើកឡើងថា កិច្ចសហការរួមគ្នា​រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាតិនិងសហព័ន្ធគុនខ្មែរអន្តរជាតិ សម្រាប់ការរៀបចំការប្រកួតប្រដាល់​គុន​ខ្មែរពិភពលោកលើកទី៦នៅលើទឹកដីឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះ គឺជាព្រឹត្តិការណ៍បើកទំព័រ​ប្រវត្តិសាស្រ្ត​ដ៏​អស្ចារ្យថ្មីមួយទៀតសម្រាប់កម្ពុជា ដែលបានបង្ហាញ​អំពីការពួតដៃគ្នារបស់សហព័ន្ធទាំងពីររួមជាធ្លុងតែមួយដើម្បីរួមគ្នាជួយជំរុញផ្សព្វផ្សាយគុនខ្មែរប្រកបដោយថាមពលឆ្ពោះទៅរកឧត្តមភាពលើឆាកអន្តរជាតិកាន់តែឆាប់រហ័ស។

ឯកឧត្តម អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាប្រដាល់​គុនខ្មែរអន្តរជាតិ បានគូសរំលេចថា ការឧបត្ថម្ភគាំទ្រ​របស់​រាជរដ្ឋាភិបាល រដ្ឋបាលខេត្តព្រះសីហនុ និងក្រុម​ហ៊ុនវិស័យឯកជននានា បានដើរតួនាទីយ៉ាងសំខាន់​មិនត្រឹមលើកស្ទួយកីឡាប្រដាល់គុនខ្មែរប៉ុណ្ណនោះទេ វាថែមទាំងជួយលើកតម្កើងនូវវិប្បធម៌ជាតិនិងអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិផងដែរ។

ពាក់ព័ន្ធ​និង​ព្រឹត្តិការណ៍ប្រកួតប្រដាល់ជើងឯកគុនខ្មែរពិភពលោក លើកទី៦ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១៧-២១ ខែធ្នូ ឆ្នាំ​២០២៥ គិតមកត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥​នេះ គឺមានប្រទេសចុះឈ្មោះចូលរួមប្រកួតមានចំនួន៣៧ប្រទេសមកពីអាស៊ីអាគ្នេយ៍ អាស៊ី និងអឺរ៉ុប ក្នុងនោះមាន ២៣ប្រទេសទទួលបានបញ្ជីឈ្មោះ និង១៤ប្រទេស​ទៀតមិនទទួលទទួលបានបញ្ជីឈ្មោះតែនិងកំពុងបញ្ជូនមកនាពេលខាងមុខ។ការប្រកួតរយៈពេល ៥ថ្ងៃ គឺការ​ប្រកួតមានគូស្ម័គ្រកម្រិតពេញវ័យនិងកម្រិតថ្នាលដណ្តើមមេដាយ និងការប្រកួតអាជីពកីឡាករកម្រិតខ្ពស់​ដណ្តើ​​ម​ខ្សែក្រវ៉ាត់១ថ្ងៃ ២គូ ដោយកីឡាករជួរ​មុខ​របស់​កម្ពុជាប្រកួតជាមួយកីឡាករបរទេសមកពីប្រទេសនានាផងដែរ។

សូមរំលឹកថា ការប្រកួតប្រដាល់គុនខ្មែរជើង​ឯកពិភព​លោ​ក​​លើកទី៥ កាលពីឆ្នាំ២០២៤ នៅខេត្តសៀមរាប មានតែ ១៨ប្រទេសចូលរួម ខណៈឆ្នាំ២០២៥នេះ មាន ៣៧ប្រទេស ចូលរួម ដែលចំនួននេះ​កើន​ឡើង ១០០% ​៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner