ស.ស.យ.ក បានចូលរួម ផ្សព្វផ្សាយ​ឱកាស​ការងារដល់​ប្រជា​ពលរដ្ឋ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ មានប្រ​សាសន៍ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាននិងកំពុងផ្តល់គ្រប់មធ្យោបាយដើម្បីដោះស្រាយនូវការឆ្លើយតបចំពោះតម្រូវការព័ត៌មានទីផ្សារការងារចំគោលដៅ។

ឯកឧត្តមបានថ្លែងអំណរគុណនិងកោតសសើរចំពោះការចូលរួមរបស់ប្អូនៗក្មួយៗយុវជនស័្មគ្រចិត្តឃុំ-សង្កាត់ ជា​​ភ្នាក់ងារព័ត៌មានទីផ្សារការងារ ជួយចុះឈ្មោះអ្នក​ស្វែង​​រកការងារ ក្នុងគោលបំណងដើម្បីជួយបង​ប្អូន​អតីត​ពលករនៅតាមភូមិ ឃុំ-សង្កាត់ និងដល់អ្នកស្វែង​រក​ការងារធ្វើ ព្រមទាំងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ជូនដល់បងប្អូនប្រជា​ពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរ​ជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ។

ប្រសាសន៍ ឯកឧត្តម ហេង សួរ សមាជិកគណៈអចិន្រ្តៃ​យ៍​​គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ​សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្ដិ​សុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជារដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្ត​បន្ទាយមាន​ជ័យ ក្នុងឱកាសអញ្ជើញជាអធិបតីភាព «ប្រគល់កង់ជូន​ដល់យុវជនស្ម័គ្រចិត្តឃុំ-សង្កាត់ ជាតំណាងភ្នាក់ងារ​ព័ត៌​មាន​ទីផ្សារការងារ នៃ ស.ស.យ.ក. ខេត្តបន្ទាយមាន​ជ័យ​» ។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ប្អូនៗក្មួយៗ យុវជន​ទាំង​អស់​នៅទីនេះ គឺជាអ្នកផ្សព្វផ្សាយព័ត៌មានទីផ្សារ​ការ​ងារ​ជាប្រចាំ ពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយ​ទៅ​ភូមិមួយ ដើម្បីជួយឱ្យបងប្អូននៅមូលដ្ឋានបានដឹង និង​អាច​រកការងារធ្វើបានឆាប់រហ័ស ដោយសារពួកគាត់​ជា​អ្នកស្រុកផ្ទាល់ដឹងច្បាស់អំពីស្ថានភាពជាក់ស្តែងនៅតាមភូមិ ឃុំ-សង្កាត់ និងស្គាល់បងប្អូនអតីតពលករដែល​ទើប​ត្រឡប់ពីថៃ ក៏ដូចជាបងប្អូនដែលកំពុងត្រូវ​ការការ​ងារធ្វើ។

ឯកឧត្តមរដ្ឋមន្រ្តី បានអះអាងថា តាមរយៈយុទ្ធនាការ “ខ្មែរ​ជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ” និង “យុវ​ជន​ស្ម័គ្រចិត្តនៅតាមឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មាន​ទីផ្សារការងារ” រួមគ្នាជាធ្លុងមួយជាមួយក្រសួង អាជ្ញាធរ​មូលដ្ឋាន ដៃគូនានា ក្នុងការផ្សព្វផ្សាយឱកាសការងារ​ដល់បងប្អូនអតីតពលករខ្មែរគ្រប់ៗរូប ដែលត្រឡប់មក​កាន់មាតុប្រទេសវិញដែលសម្រេចបានលទ្ធផលគួរជាទីមោទន ហើយរហូតមដល់ពេលនេះ មានអតីតពលករ​ចំនួន​ជាង ២៨ម៉ឺននាក់ ទទួលបានការងារក្នុងប្រព័ន្ធ និងបងប្អូនអតីតពលកររាប់ម៉ឺនផ្សេងទៀត បានទទួល​ការងារដោយខ្លួនឯងដូចជាផ្នែកសំណង់ ភោជនីយដ្ឋាន និងសិប្បកម្ម ជាដើម។ ជាមួយគ្នានេះ នៅមានឱកាស​ការងារចំនួនជាង៨,២ម៉ឺនកន្លែងនៅទូទាំងរាជធានី-ខេត្តទាំង២៥កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើជាពិសេសបងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃលើវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម ។

ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងថា ការប្រគល់​កង់ជូនយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ឃុំ-សង្កាត់ សម្រា​ប់ជាមធ្យោបាយចុះផ្សព្វផ្សាយផ្ដល់ព័ត៌មានអំពីឱកាសការងារ ដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីត​ពល​ករ គឺពិតជាចាំបាច់ក្នុងការជួយដល់មូលដ្ឋាននីមួយៗ​ផ្ទាល់​។

គិតចាប់ពីថ្ងៃទី១៦ ខែសីហា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារក្រសួងការងារ និងបណ្ដុះ​បណ្ដា​​ល​វិជ្ជាជីវៈ បានអនុម័តចុះឈ្មោះសមាជិក សមា​ជិកា ស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារ​ការងារ​សរុបចំនួន ៣ ២៩៦នាក់ មកពីគ្រប់ឃុំ-សង្កាត់ នៅទូ​ទាំងប្រទេស។ ក្នុងនោះដែរ ភ្នាក់ងារព័ត៌មានទីផ្សារ​ការ​ងារទាំងនោះ បានចុះឈ្មោះអ្នកស្វែងរកការ​ងារធ្វើ​បាន​ចំនួន ៧ ៣១៧នាក់ ដោយក្នុងនោះខេត្តបន្ទាយមាន​ជ័យ មានចំនួន ១ ៣១១នាក់ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner