ខេត្តពោធិ៍សាត់នឹងមានអាងស្តុកទឹកធំជាងគេនៅកម្ពុជា
ភ្នំពេញ៖ខេត្តពោធិ៍សាត់ នឹងមានអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជា បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ សាងសង់រួចរាល់នៅចុងឆ្នាំ២០២៧ ខាងមុខ ។
អមដោយរូបភាពជាច្រើនសន្លឹកលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអធិប្បាយទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២នៅខេត្តពោធិសាត់។សម្ដេចធិបតីបានសរសេរថា គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ អាចមានសមត្ថភាពស្តុកទឹក បានប្រមាណ ៨៦០លានម៉ែត្រគូប នឹងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជា មានទីតាំងស្ថិតនៅលើ ស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ។
សម្ដេចធិបតីបានគូសរំលេចថា ទំនប់អាងទឹកលេខ២ នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖ ទី១. អាចស្តុកទឹកបាន ៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដី ចំនួន ២៦២ ៥០០ហិកតា ដែលនឹងផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែម ទាំងរដូវប្រាំង និងរដូវវស្សា។ទី២.កាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមក។៣.បញ្ចៀសបាននូវការខូចខាតប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបណ្តាលមកពីទឹកជំនន់ និង ទី៤. ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពល ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងនេះ សម្រេចការសាងសង់បានប្រមាណ ៤០ភាគរយដោយបានចាប់ផ្តើមអនុវត្តក្នុងខែមករា ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២៧ ៕









ដោយ៖ វណ្ណលុក