កាកបាទក្រហមកម្ពុជារៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ”បរិច្ចាគឈាម ផ្តល់ក្តី សង្ឃឹម កសាងសន្តិភាព “
ភ្នំពេញ៖”បរិច្ចាគឈាម ផ្តល់ក្តី សង្ឃឹម កសាងសន្តិភាព “គឺជាប្រធានបទនៃកម្មវិធីបរិច្ចាគឈាមលើកទី៥ ដែលរៀប
ចំឡើងដោយកាកបាទក្រហមកម្ពុជាក្រោមការអញ្ជើញចូលរួមពីលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
ក្នុងកម្មវិធីបរិច្ចាគឈាមដែលប្រព្រឹត្តទីនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានថ្លែងថា យុទ្ធនាការ “បរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹម កសាងសន្តិភាព”គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា។លោកបន្ថែមថា កម្មវិធីនេះមានគោលបំណងសំខាន់២ គឺទី១.បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញការលើកកម្ពស់ឱ្យយុវជន និងប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយ គ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ និងទី២.ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម ។
ក្នុងឱកាសនោះលោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា ការចូលបរិច្ចាគឈាមនាពេលនេះ មិនត្រឹមតែផ្តល់ការលើកទឹកចិត្តដល់អ្នកបរិច្ចាគឈាមតែប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយពីការយល់ដឹង និងសារៈសំខាន់នៃការបរិច្ចាគឈាមជាប្រចាំ ដើម្បីជួយសង្គ្រោះ ជីវិតនិងការលើកកម្ពស់ការយល់ដឹងពីវិជ្ជាសង្រ្គោះបឋម សហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុថែមទៀតផង ។ជាក់ស្តែងប្រធានបទ “បរិច្ចាគឈាម ឈាមមួយប្លោកអាចជួយរក្សាជីវិតមនុស្ស៣នាក់ ។ការបរិច្ចាគរបស់យើងម្នាក់ៗ មិនត្រឹមជាការផ្តល់ឈាមប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺដែលកំពុងរង់ចាំ ។
លោកជំទាវអគ្គលេខាធិការ ក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមផងដែរ៕







ដោយ៖ គ្រី សម្បត្តិ