រដ្ឋាភិបាលតួកគីយ៉េ ផ្តល់ជំនួយសប្បុរសធម៌ប្រមាណ៤ម៉ឺនដុល្លារជូនប្រជាពលរដ្ឋប្រមាណ៧០០ គ្រួសារដែលត្រូវបានជម្លៀសពីភូមិព្រៃចាន់ ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ

ភ្នំពេញ   ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអបានចូលរួមជាមួយ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា បានរសៀលថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៥ បាននាំយកជំនួយសប្បុរសធម៌ ដែលជាការបរិច្ចាគពីរដ្ឋាភិបាលតួកគីយ៉េ សរុបទឹកប្រាក់ប្រមាណ៤មុឺនដុល្លារអាម៉េរិករួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងបង្គោលភ្លើងសូឡា ដើម្បីចែកជូនប្រជាពលរដ្ឋប្រមាណ៧០០ គ្រួសារ នៅវត្តច័ន្ទសុីសាមគ្គីរតនារាម នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានជម្លៀសពីភូមិព្រៃចាន់ ដោយសារជម្លោះព្រំដែនកម្ពុជាថៃ។ 

ពិធីប្រគល់ទទួលអំណោយនេះ ត្រូវបានរៀបចំក្រោមកិច្ចសហការរវាងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃកបទ.សអនិងអាជ្ញាធរមូលដ្ឋាន ដោយមាន ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អញ្ជើញចូលរួមទទួល។

ក្នុងឱកាសនោះ គណ:ប្រតិភូបានពិនិត្យមើលទិដ្ឋភាពជាក់ស្តែង និងឃើញនូវផលប៉ះពាល់ដែលបង្កដោយជម្លោះព្រំដែនកម្ពុជាថៃ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបង្ហាញនូវក្តីសង្ឃឹមថា ការផ្តល់ជំនួយនេះនឹងជំរុញឱ្យមានការចូលរួមបន្ថែមពីភាគីផ្សេងៗទៀត ខណៈដែលលោកជំទាវឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបន្តផ្តល់ជំនួយមនុស្សធម៌ជូនដល់តំបន់រងគ្រោះ៕

ដោយ៖ពលជ័យ

ads banner