ក្រោយឃាតកម្មដ៏រន្ធត់សម្លាប់មនុស្ស៩នាក់៖អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព
កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំ
មន្រ្តីក្រុមការងារអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារសពដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង បណ្តាលឱ្យបាត់បង់ជីវិតមនុស្សចំនួន ៩នាក់ ស្ថិតក្នុងភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ឃាតកម្មបានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសនេះឯកឧត្ដមអភិបាលខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយសាច់ញាតិនៃសពនិងបាននាំនូវការសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ,ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ដែលជានិច្ចកាលលោកតែងគិតគូរ ខ្វាយខ្វល់អំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានចូលរួមជាបច្ច័យចំនួនប្រាំលានរៀល, អ្នកឧកញ៉ា ហេង ឡុង បច្ច័យចំនួន បួនលានរៀល លោក បាន ស្រេង អភិបាលស្រុកចំនួន ៥០ម៉ឺនរៀល។ សរុប ៩,៥លានរៀល។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ឆាប់ៗនេះលោកនឹងរៀបចំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា មកផ្តល់ជូនបន្ថែមទៀត ។ឯចំពោះការចំណាយក្នុងការរៀបចំកម្មវិធីបុណ្យសពទៅតាមប្រពៃណីព្រះពុទ្ធសាសនា គឺជាបន្ទុករបស់រដ្ឋបាលខេត្តកំពង់ចាម។
សូមជម្រាបថាយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា វេលាម៉ោងប្រមាណ ៦ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបានទទួលព័ត៌មានពីករណីឃាតកម្ម ដុតផ្ទះ និងអារកសម្លាប់ នៅភូមិពោន ឃុំទទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ភ្លាមៗឯកឧត្តមអភិបាលខេត្តកំពង់ចាម បានបញ្ជាស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ធ្វើការចុះពិនិត្យ ស្រាវជ្រាវអំពីមូលហេតុនិងវែកមុខជនល្មើស ទទួលបានលទ្ធផលដូចខាងក្រោម ៖
១. ហេតុការណ៍ឃាតកម្ម ដុតផ្ទះ និងអារកសម្លាប់ ខាងលើនេះ កើតឡើងនៅវេលាម៉ោង ៥:៣០ ព្រឹក
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពោលគឺប្រមាណ ៣០នាទីមុនសមត្ថកិច្ចទទួលបានព័ត៌មាន។ ទីតាំងផ្ទះកើតហេតុ
គឺស្ថិតក្នុងដីចម្ការ ដាច់ស្រយាល។
២. ឃាតកម្មដុតផ្ទះ និងអារករសម្លាប់នេះ បានបណ្តាលឱ្យមនុស្ស ៩នាក់ បាត់បង់ជីវិត ក្នុងនោះ ៨នាក់បាត់បង់ជីវិតក្នុងភ្នក់ភ្លើងផ្ទះឆេះ និងម្នាក់ទៀតត្រូវបានអារកសម្លាប់នៅចម្ងាយប្រហែល ១០០ម៉ែត្រ ពីទីតាំងផ្ទះឆេះ។ ជនរងគ្រោះទាំង ៩នាក់ មាន ស្រី ៧នាក់ និង ប្រុស ២នាក់ និងសុទ្ធតែជាសាច់ញាតិនឹងគ្នា។
៣.ជនសង្ស័យជាឃាតក ត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះ សុបិន្ត មិនា អាយុ ២១ឆ្នាំ ត្រូវជាប្តីរបស់ជនរងគ្រោះម្នាក់ និងត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចអូរហោះ ភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាស្រុករបស់ជនសង្ស័យហើយជនសង្ស័យ ក៏បានសារភាពនូវឃាតកម្មរបស់ខ្លួនរួចហើយ។ នៅពេលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យហាក់មានស្មារតីមិនប្រក្រតី។ តាមការពិនិត្យទឹកម៉ូត ជនសង្ស័យពុំត្រូវបានរកឃើញថាមានពាក់ព័ន្ធនឹងសារធាតុញៀនឡើយ។ សមត្ថកិច្ចនឹងបន្តយកឈាមរបស់ជនសង្ស័យទៅពិនិត្យ និងបន្តវិភាគបញ្ហាស្មារតីរបស់គាត់បន្ថែមទៀត។
ជាការសន្និដ្ឋានបឋម ជនសង្ស័យ និងក្រុមជនរងគ្រោះ គឺជាសាញ់ញាតិនឹងគ្នា ដូច្នេះបញ្ហាឃាតកម្មនេះ គឺជាបញ្ហាផ្ទៃក្នុងគ្រួសារ។ ចំពោះមូលហេតុដែលនាំទៅដល់ការបង្កើតឱ្យមានឃាតកម្មនេះ គឺជនសង្ស័យបានសារភាពថា “ខ្លួនមានការគុំគួនប្រពន្ធដែលតែងតែមានជម្លោះគ្នាជាប្រចាំ រហូតដល់ខ្លួនបានសម្រេចចិត្តសម្លាប់ម្តាយក្មេក ប្រពន្ធ ប្អូនថ្លៃ និងក្មួយៗ សរុបទាំងអស់ ៩នាក់”៕







ដោយ៖លី ពៅ