ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តជំនួយ៥០លានដុល្លារដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុនៅកម្ពុជា
នៅថ្ងៃនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសផ្តល់ហិរញ្ញប្បទានចំនួន ៥០លានដុល្លារដល់កម្ពុជា ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុ ដោយផ្តោតលើការគាំទ្រដល់គ្រឹះស្ថានធនាគារ និងមិនមែនធនាគារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងសមត្ថភាពហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។
កម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាពនេះ មានគោលបំណងលើកកម្ពស់សមត្ថភាព ស្ថិរភាព និងសក្តានុពលរបស់វិស័យនេះ សំដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប្រកបដោយបរិយាបន្ន និងភាពធន់។
លោក Anthony Gill នាយកស្តីទីរបស់ ADB ប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ដំណើររបស់កម្ពុជា ឆ្ពោះទៅរកកំណើនប្រកបដោយបរិយាបន្ន និងនិរន្តរភាព បានចាក់ឫសក្នុងចក្ខុវិស័យរបស់ប្រទេស ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ តាមរយៈការវិនិយោគលើកម្មវិធីនេះ ADB គាំទ្រកម្ពុជាក្នុងការពង្រឹងសមត្ថភាព ស្ថិរភាព និងការអនុវត្តប្រតិបត្តិការវិស័យហិរញ្ញវត្ថុ កសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនដែលធន់ ពង្រីកបរិយាបន្នហិរញ្ញវត្ថុ និងជំរុញសក្តានុពលវិស័យឯកជន។»
ធានាគារ ADB កត់សម្គាល់ថា ខណៈពេលដែលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ការអភិវឌ្ឍបន្ថែមគឺចាំបាច់ដើម្បីជំរុញសក្តានុពលពេញលេញរបស់ប្រទេស។ បញ្ហាប្រឈមមានដូចជា សកម្មភាពទីផ្សារមិនទាន់ខ្លាំងក្លា ការទទួលបានសេវានៅមានកម្រិត និងចន្លោះប្រហោងក្នុងការការពារអ្នកវិនិយោគ ទន្ទឹមនឹងក្របខ័ណ្ឌច្បាប់មិនទាន់អភិវឌ្ឍន៍ពេញលេញ ចំណេះដឹងទាបផ្នែកហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលមិនទាន់គ្រប់គ្រាន់។
ដំណាក់កាលដំបូងនៃកម្មវិធីដែលបានអនុម័តនេះ ផ្តោតលើការពង្រឹងបរិយាកាសបទប្បញ្ញត្តិ ស្ថិរភាពហិរញ្ញវត្ថុ សកម្មភាពទីផ្សារ និង ការការពារអ្នកប្រើប្រាស់ ជាមួយនឹងការបង្កើតផែនការយុទ្ធសាស្រ្តសម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ទ្រព្យឌីជីថល និងរូបិយប័ណ្ណគ្រីបតូ និងការផ្តល់ហិរញ្ញប្បទានទៅវិញទៅមកតាមវិស័យ។
ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាពនៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក៕