ចំណាយប្រចាំថ្ងៃរបស់ប្រជាជនខេត្តកំពង់ឆ្នាំង ជាមធ្យមប្រមាណ ៨៨% ជាប្រាក់រៀល
(កំពង់ឆ្នាំង)៖ យោងតាមលទ្ធផលសិក្សាស្រាវជ្រាវរួមគ្នារវាង ធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រាក់រៀល បានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើនក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ខណៈការចំណាយប្រចាំថ្ងៃរបស់ប្រជាជនខេត្តកំពង់ឆ្នាំង ជាមធ្យមប្រមាណ ៨៨% ត្រូវបានធ្វើឡើងជាប្រាក់រៀល ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងសេដ្ឋកិច្ច និងសង្គមឡើងវិញពីបាតដៃទទេ ហើយប្រាក់រៀល ត្រូវបានដាក់ឱ្យចរាចរឡើងវិញ ជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ខណៈប្រាក់ដុល្លារអាមេរិក ចាប់ផ្ដើមចាយវាយនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងពេលដែលកម្ពុជា បានចាប់ផ្តើមរៀបចំការបោះឆ្នោតសកលជាលើកដំបូងឡើងវិញ ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា អ៊ុនតាក់ ។
ក្នុងគោលដៅធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរឹងមាំ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើន ដោយក្នុងនោះការលើកកម្ពស់ប្រាក់រៀលក៏ជាការងារអាទិភាពមួយដែរ ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក ។
ឯកឧត្តមបន្តថា យោងតាមលទ្ធផលសិក្សាស្រាវជ្រាវ របស់ធនាគារជាតិនៃកម្ពុជា សហការជាមួយ អង្គការ UNDP ក្នុងឆ្នាំ២០២៣ ក៏បានបង្ហាញផងដែរថា កម្មករនិយោជិតរោងចក្រ ដែលរស់នៅតាមបណ្តាខេត្តចាយវាយប្រចាំថ្ងៃរហូតដល់ទៅ ៩២% នៃចំណាយសរុប ជាប្រាក់រៀល ។ វឌ្ឍនភាពនៃកំណើនការប្រើប្រាស់ប្រាក់រៀលនេះ និងការរក្សាបាននូវលំនឹងល្អនៃតម្លៃប្រាក់រៀល នៅក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ ក៏បានជួយទប់ស្កាត់កម្រិតដុល្លារូបនីយកម្មមិនឱ្យកើនឡើងទៀត ទោះបីជាការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នៅមិនទាន់ថមថយនៅឡើយ ជាពិសេសនៅរាជធានីភ្នំពេញ និងតាមទីប្រជុំជននៅតាមបណ្តាខេត្ត ។
ឯកឧត្តម ក៏បានលើកឡើងអំពីប្រព័ន្ធទូទាត់បាគង ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជា។ ប្រព័ន្ធបាគង គឺជាប្រព័ន្ធទូទាត់ដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ដូចជា៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេសក្នុងតំបន់ បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។
លើសពីនេះ ការដាក់ឱ្យប្រើប្រាស់ស្តង់ដា KHQR កាលពីខែកក្កដា ឆ្នាំ២០២២ បានសម្រួលដល់ការស្កេនទូទាត់ ឆ្លងគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ព្រមទាំងបានពង្រឹងការតភ្ជាប់ការទូទាត់ឆ្លងដែននៅក្នុងតំបន់ផងដែរ។ បច្ចុប្បន្ន យើងអាចធ្វើការទូទាត់ប្រាក់ឆ្លងដែន តាមរយៈការស្កេន QR Code ជាប្រាក់រៀលតែម្តង តាមរយៈកម្មវិធីសេវាធនាគារតាមទូរស័ព្ទ ដោយមិនចាំបាច់ប្តូរ ទៅជារូបិយប័ណ្ណនៅក្រៅប្រទេស នោះទេ។ ក្រៅពីនេះ ក៏មានបាគងទេសចរ (Bakong Tourists App) បានដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិ ប្រើប្រាស់កាលពីខែសីហា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការទូទាត់ថ្លៃទំនិញ សេវា និងការចាយវាយនានារបស់ភ្ញៀវទេសចរបរទេស ។
គួរបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយពីប្រាក់រៀល មានការធ្វើបទបង្ហាញ របស់សិស្សានុសិស្ស អំពីប្រាក់រៀល, ការទស្សនាការប្រកួតផលិតវីដេអូ ១ម៉ឺនរៀល, ការតាំងពិព័រណ៍ពីប្រវត្តិប្រាក់រៀល និងការទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយឥតគិតថ្លៃ ៕







អត្ថបទ៖ វណ្ណលុក, រូប៖ វ៉េង លីមហួត