” ទំនប់ដូនទ្រី “ផ្តល់ក្តីសង្ឃឹមធំដល់វិស័យកសិកម្មនៃខេត្តបាត់ដំបង និងពោធិសាត់
បាត់ដំបង៖ទំនប់ដូនទ្រី ដែលស្ថិតនៅឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានសាងសង់រួចរាល់ហើយ។ ជាមួយនឹងលទ្ធភាពអាចស្តុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប បានផ្តល់នូវក្តីសង្ឃឹមជាចម្បងដល់កសិករនៅស្រុកចំនួនបីនៃខេត្តចំនួនពីរដែលនៅជាប់គ្នាគឺខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា ទំនប់ដូនទ្រី គឺជាទំនប់ធំទីពីររបស់ខេត្តបាត់ដំបង ដែលអាចស្តុកទឹកបាន១៦៣លានម៉ែត្រគូប ហើយក៏ជាចំណងដៃមហាសាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចំពោះខេត្តបាត់ដំបង។ទំនប់មានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីដាំដុះកសិកម្មនៅរដូវវស្សាប្រមាណ ៣៣ ០០០ហិកតានិងរដូវប្រាំងប្រមាណ ៤ ៥០០ហិកតា ក្នុងឃុំចំនួន១៥ នៃស្រុកចំនួនបី គឺស្រុកមោងឬស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់។

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។គម្រោងនេះទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីបានប្រើរយៈពេលសាងសង់៩០ខែ ដោយចាប់ផ្ដើមក្នុងខែមិថុនា ឆ្នាំ២០១៨ ។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖សំណង់ទំនប់មេប្រវែង ៦៥៤ម៉ែត្រ ,សំណង់បង្ហៀរប្រវែង ៤១៤ ម៉ែត្រ , រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង៤៦២ ម៉ែត្រ ,សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ និងសំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។

កាលពីចុងសប្ដាហ៍ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអញ្ជើញអមដំណើរឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបងដើម្បីត្រៀមធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។

បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីសាងសង់ឡើងប្រើប្រាស់វិធីសាស្រ្តថ្មីដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។ គម្រោងដែលអាចស្ដុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប ដោយមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មនៅរដូវវស្សា និងរដូវប្រាំង ប្រមាណ៣៧.៥០០ហិកតា ក៏នឹងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះវឌ្ឍនភាពគម្រោងដែលសម្រេចបាន ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអនុវត្តគម្រោង ,មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានរួមសហការគ្នាយ៉ាងជិតស្និទ្ធធ្វើឱ្យការដ្ឋានដ៏ធំនេះសម្រេចបានតាមផែនការគ្រោងទុក៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន
