ជប៉ុនគ្រោងយកមីស៊ីលទៅដាក់ក្បែរ កោះតៃវ៉ាន់ ចំពេលមានភាពតានតឹងជាមួយ ចិន

តូក្យូ ៖ ប្រទេសជប៉ុនបានប្រកាសពីគម្រោងដាក់ពង្រាយមីស៊ីលទៅកាន់កោះរបស់ខ្លួនដែលមានទីតាំងនៅក្បែរកោះតៃវ៉ាន់ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រទេសចិន ។

ថ្លែងចេញពីមូលដ្ឋានយោធាក្បែរកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យ, រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Shinjiro Koizumi និយាយថា ផែនការដាក់ពង្រាយមីស៊ីលទៅកាន់កោះក្បែរតៃវ៉ាន់កំពុងដំណើរការទៅមុខ ហើយលោកបានច្រានចោលនូវការព្រួយបារម្ភថា សកម្មភាពនេះអាចបង្កឲ្យភាពតានតឹងជាមួយចិនកើនឡើង ។

លោកថា គោលបំណងដែលជប៉ុនគ្រោងដាក់ពង្រាយមីស៊ីលនៅក្បែរកោះតៃវ៉ាន់ គឺដើម្បីការពារខ្លួនពីការវាយប្រហារណាមួយរបស់សត្រូវតែប៉ុណ្ណោះ ជាពិសេសវាជាផ្នែកមួយនៃការពង្រឹងកម្លាំងយោធានៅលើកោះភាគខាងត្បូងរបស់ខ្លួន ។

បើតាមសារព័ត៌មាន The Strait Times, កោះដែលជប៉ុនបម្រុងយកមីស៊ីលបាញ់ពីដីទៅអាកាសរយៈចម្ងាយមធ្យមទៅដាក់ពង្រាយនោះ មានឈ្មោះថា កោះ Yonaguni មានចម្ងាយប្រមាណត្រឹមតែ ១១០គីឡូម៉ែត្រប៉ុណ្ណោះពីកោះតៃវ៉ាន់ ។

លោក Shinjiro បញ្ជាក់ថា ផែនការដាក់ពង្រាយមីស៊ីលនេះ នឹងអាចជួយកាត់បន្ថយឱកាសនៃការវាយប្រហារដោយសព្វាវុធមកលើប្រទេសរបស់យើង ។ ដូច្នេះជប៉ុនត្រូវតែបង្កើនសមត្ថភាពផ្ទាល់ខ្លួន និងពង្រឹងទំនាក់ទំនងជាមួយយោធាអាមេរិក ។

ផែនការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមរបស់ជប៉ុន ធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi ថ្លែងកាលពីថ្ងៃទី៧ ខែវិច្ឆិកាថា ជប៉ុនអាចនឹងឆ្លើយតបដោយកម្លាំងយោធា ក្នុងករណីចិនប្រើកម្លាំងយោធាវាយដណ្តើមគ្រប់គ្រងកោះតៃវ៉ាន់ ។

ពាក្យសម្តីរបស់លោកស្រីធ្វើឲ្យចិនផ្ទុះកំហឹងយ៉ាងខ្លាំង ។ ចិនថែមទាំងព្រមានឲ្យលោកស្រី Sanae កែតម្រូវពាក្យសម្តីដែលខ្លួនបាននិយាយ ជាពិសេសទីក្រុងប៉េកាំងក៏បានហាមពលរដ្ឋរបស់ខ្លួនដែលរស់នៅជប៉ុនឲ្យរក្សាការប្រុងប្រយ័ត្ន និងចៀសវាងធ្វើដំណើរទៅកាន់ជប៉ុនផងដែរ ប្រសិនបើមិនចាំបាច់ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner