កាណាដា ថា ទោះមិនមាន អាមេរិក ក៏ពិភពលោកអាចដោះស្រាយបញ្ហាបាន

ប្រេតូរីយ៉ា ៖ ទោះមិនមានវត្តមានរបស់សហរដ្ឋអាមេរិក ក៏ពិភពលោកអាចដោះស្រាយបញ្ហាបានដូចគ្នា ។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney កាលពីថ្ងៃអាទិត្យ ។

ការលើកឡើងរបស់លោក Mark Carney ចំពេលដែលលោកប្រធានាធិបតីអាមេរិក Donald Trump មិនបានចូលរួមកិច្ចប្រជុំ G20 ដែលធ្វើឡើងនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង ដោយលើកហេតុផលថា ប្រទេសម្ចាស់ផ្ទះបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងកសិករស្បែក ស ។

លោក Mark Carney និយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនគួរវាយតម្លៃខ្ពស់ លើតួនាទីរបស់ខ្លួន ក្នុងឆាកអន្តរជាតិឡើយ ព្រោះថា បញ្ហាជាច្រើនក៏អាចដោះស្រាយបាន ដោយមិនចាំបាច់មានការចូលរួមពីសំណាក់សហរដ្ឋអាមេរិក ។

លោកបន្ថែមថា កិច្ចប្រជុំ G20 បានប្រមូលផ្តុំប្រទេស តំណាងឱ្យបីភាគបួន នៃ ចំនួនប្រជាជនពិភពលោក ឬ ពីរភាគបីនៃ GDP សកល ព្រមទាំង បីភាគបួន នៃពាណិជ្ជកម្មពិភពលោក។ លោកបញ្ជាក់ថា រាល់ការសម្រេចចិត្តពីសំណាក់សមាជិក G20 ក្នុងអំឡុងពេលកិច្ចប្រជុំនេះ នៅតែមានទម្ងន់ ទោះបីជាសហរដ្ឋអាមេរិក ធ្វើពហិការក៏ដោយ។

លោកបានបន្ថែមថា ប្រទេសកាណាដា បានព្យាយាមពង្រឹងទំនាក់ទំនងជាមួយប្រទេសជាច្រើន រួមមានអាហ្វ្រិកខាងត្បូង ឥណ្ឌា និងចិន។

លោក Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូងដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 និយាយថា «ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើពហិការ មិនចូលរួមកិច្ចប្រជុំ G20 គឺជាការខាតបង់ របស់អាមេរិក។

លោកថា G20 កំពុងឆ្ពោះទៅមុខ ហើយ នឹងមិនមានការគំរាមកំហែងពីប្រទេសណាមួយឡើយ ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner