ភ្លៀងធ្លាក់ជន់លិចភាគខាងត្បូងថៃធ្ងន់ធ្ងរ ស្លាប់៨នាក់

បាងកក ៖ ភាគខាងត្បូងប្រទេសថៃបានទទួលរងគ្រោះពីទឹកជំនន់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ខណៈដែលមានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ ចំនួន៨នាក់។

ផ្លូវនានាត្រូវបានជន់លិច, យានជំនិះលិចចូលក្នុងទឹក ហើយមនុស្សដើរកាត់ទឹកជ្រៅ ក្នុងទីក្រុង ហាតយ៉ៃ (Hat Yai) ដែលជាទីក្រុងសេដ្ឋកិច្ចសំខាន់មួយ នៅភាគខាងត្បូងប្រទេសថៃ ដោយសារតំបន់នេះទទួលរងការជន់លិចយ៉ាងខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង អស់ជាច្រើនថ្ងៃ។

បើតាមសារព័ត៌មានអង់គ្លេស រយធឺ ចេញផ្សាយ កាលពីថ្ងៃចន្ទ, ទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ប៉ុន្មានថ្ងៃមកនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ ប៉ះពាល់ដល់ខេត្តចំនួន ១០ នៅភាគខាងត្បូង ប្រទេសថៃ។

បើតាមសារព័ត៌មាន អាល់ ចាសេរ៉ា (Al Jazeera), ក្រុមមន្ត្រីបាននិយាយថា ទឹកជំនន់ភ្លាមៗ ត្រូវបានគេរាយការណ៍ នៅទូទាំងផ្នែកភាគខាងត្បូង នៃប្រទេសថៃ ដែលប៉ះពាល់ដល់មនុស្សជិត ២លាននាក់។

អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ថា ទីក្រុង ហាតយ៉ៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងខេត្តសុងក្លា មានភ្លៀងធ្លាក់ ក្នុងកម្រិត ៣៣៥មីលីម៉ែត្រ កាលពីថ្ងៃសុក្រ ដែលជាតួលេខខ្ពស់បំផុត ក្នុងរយៈពេល២៤ម៉ោង មិនធ្លាប់មាន អំឡុងរយៈពេល ៣០០ឆ្នាំ។ ទឹកភ្លៀងក្នុងទីក្រុងនានា បានកើនឡើង ជិតទ្វេដង ចាប់ពីថ្ងៃពុធ ដល់ ថ្ងៃសុក្រ។ ភ្លៀងធ្លាក់បន្ថែមទៀត ត្រូវបានគេព្យាករណ៍ថា នឹងប៉ះពាល់ដល់ប្រទេសថៃ នៅប៉ុន្មានថ្ងៃ ខាងមុខនេះ។

ទឹកជំនន់ស្លាប់មនុស្សនៅថៃ កើតមានឡើង សឹងតែរៀងរាល់ឆ្នាំ បន្តរហូតមកដល់ ឆ្នាំ២០២៥ នេះ។ ក្នុងនោះ កាលពីឆ្នាំ២០២១ ធ្លាប់បានផ្តាច់យកជីវិតមនុស្ស នៅថៃ ជាង៥០០នាក់ និង បំផ្លាញផ្ទះសម្បែង អស់រាប់លានខ្នង និង ផលដំណាំយ៉ាងតំណំ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner