សម្ដេច ហ៊ុន ម៉ាណែត បកស្រាយពីការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន រវាងកម្ពុជា និងថៃ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញមកបកស្រាយ ពីការជជែកគ្នាជាច្រើន នៅតាមបណ្ដាញសង្គម អំពីការបាត់បង់ ឬការទទួលបានដី បន្ទាប់ពីការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់លើបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា គោលដៅនៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះ មិនមែន ដើម្បីគណនា អំពីការចំណេញ ឬខាតដីនោះទេ ប៉ុន្តែគោលដៅចម្បង គឺដើម្បីកំណត់ នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែង បញ្ជាក់អំពីខ្សែព្រំដែនមួយ ដែលត្រឹមត្រូវ និងច្បាស់លាស់រវាងប្រទេសកម្ពុជា និងថៃ ដោយផ្អែកលើមូលដ្ឋាន នៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ ។
កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជា ក៏មិនយល់ព្រម ឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នោះដែរ ។
ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រ ក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហា អាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ។
ក្រោយពីការវាស់វែងបានបញ្ចប់ ក្រុមការងារចម្រុះ នៃប្រទេសទាំងពីរ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្ន ដើម្បីពិភាក្សាគ្នា រកដំណោះស្រាយមួយ ដែលភាគីទាំងពីរ អាចទទួលយកបាន ស្របតាមគោលការណ៍ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីទៅទៅវិញទៅមក ។
ជាថ្មីម្តងទៀត សម្ដេចនាយករដ្ឋមន្ត្រី សូមបងប្អូនជនរួមជាតិទាំងអស់ មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេស ការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់ នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន រវាងឥណ្ឌូចិន-សៀម ៕ ដោយ វណ្ណលុក






