សម្តេច ហ៊ុន ម៉ាណែត សាទរខួបលើកទី២០ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារអបអរសាទរ ខួបលើកទី២០ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ – ២៥ វិច្ឆិកា ២០២៥ ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី នាព្រឹកថ្ងៃទី២៥វិច្ឆិកា ២០២៥ ។
យោងតាមឯកសារបញ្ជាក់ថា ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈទស្សនីយភាពបុរាណ របស់ខ្មែរដ៏ចំណាស់មួយ ។ ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈមួយបែប ដែលបានកកើតឡើងតាំងពី សតវត្សរ៍ទី១ មកម្ល៉េះ។ វាជាទម្រង់សិល្បៈ ដែលមានការរួមផ្សំនៃ តន្ត្រី ចម្រៀង កំណាព្យ ពំនោល គំនូរ ចម្លាក់ ការជើត ការរាំ របាំ និងនាដកម្ម។ មានកំណើតតាំងពីសតវត្សរ៍ទី១ មកម្ល៉េះ ហើយត្រូវបានចាត់ទុកជាសិល្បៈ សម្រាប់ព្រះរាជពិធីរបស់ព្រះមហាក្សត្រ កាលពីសម័យបុរាណ។ ការសម្តែងភាគច្រើនផ្អែកលើរឿង រាមកេរ្តិ៍។ សម្តែងដោយដាក់ផ្ទាំងស្បែកបញ្ចាំងឆ្លុះទៅនឹង ពន្លឺភ្លើង (ពីមុនប្រើដុតចន្លុះ ឬត្រឡោកដូងស្ងួត) នៅពីក្រោយ ផ្ទាំងក្រណាត់ស ដើម្បីបង្កើតជាស្រមោល។
សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់ មកហើយលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោក ទទួលស្គាល់ និងឱ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជា បេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូ ទៀតផង ដែលនេះ ជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។ ល្ខោន ស្រមោល ស្បែក ធំ គឺជា សិល្បៈ ខ្មែរ មួយបែប មានកំណើត តាំង ពីស . វ ទី ១ មកម្ល៉េះ ។ នេះ ជាការ បញ្ជាក់ អំពី សតិ ប្រាជ្ញា ដ៏ ភ្លឺស្វាង និង គំនិត ច្នៃប្រឌិត ដ៏ កំពូល ដែល បង្កើត សិល្បៈ នេះ ឡើង ឱ្យក្លា យទៅជា ទស្សនីយភាព មួយ ដ៏ អស្ចារ្យ ។ គេ អាច និយាយបានថា ល្ខោន ស្រមោល ស្បែក ខាងលើនេះ គឺជា សិល្បៈ មួយ ដែល ប្រមូលផ្តុំ នូវ សិល្បៈ ទាំង ៧ ។
ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ» ហើយវាជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។ ល្ខោនស្បែកធំ គឺជាសិល្បៈមួយ មានប្រវត្តិនៅពេលព្រហ្ម សាសនាចូលមកទឹកដីខ្មែរ ។ កាលពីដើមឡើយ សិល្បៈប្រភេទនេះ ត្រូវបានគេឃើញសម្តែង ក្នុងពិធីតែពីរ ឬបីប៉ុណ្ណោះ ក្នុងមួយឆ្នាំ ហើយកម្រសម្តែងជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជាពិធីបុណ្យ ចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីគ្រងរាជ្យ ឬក្នុងពិធីសក្ការៈរបស់ឥស្សរជនល្បីៗ ៕
ដោយ:វណ្ណលុក
