ចិនថ្កោលទោសជប៉ុនរឿងយកមីស៊ីលទៅដាក់ក្បែរកោះតៃវ៉ាន់
ប៉េកាំង ៖ ភាពតានតឹងរវាងចិន-ជប៉ុនកាន់តែឡើងកម្តៅមួយកម្រិតទៀត ស្របពេលដែលទីក្រុងប៉េកាំងបានថ្កោលទោសទីក្រុងតូក្យូ ពាក់ព័ន្ធនឹងការប្រកាសដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅលើកោះក្បែរតៃវ៉ាន់ កាលពីថ្ងៃចន្ទ។
ការរិះគន់ធ្ងន់ៗរបស់ចិន ធ្វើឡើងចំពេលដែលវិបត្តិការទូតរវាងប្រទេសទាំងពីរកាន់តែអាក្រក់ខ្លាំងក្នុងខែនេះ ក្រោយរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi ប្រកាសពីផែនការដាក់ពង្រាយមីស៊ីលនៅលើកោះ Yonaguni ក្បែរកោះតៃវ៉ាន់។
ប៉ុន្តែកោះតៃវ៉ាន់បានបង្ហាញកាន់ជើងជប៉ុន ដោយនិយាយកាលពីថ្ងៃចន្ទថា ការពង្រឹងមូលដ្ឋានយោធារបស់ជប៉ុននៅលើកោះ Yonaguni នឹងជួយរក្សាសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់។
បើតាមការលើកឡើងរបស់ក្រសួងការបរទេសចិន, ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមបាញ់ចេញពីដីទៅអាកាសរបស់ជប៉ុន បង្ហាញពីការប៉ុនប៉ងដោយចេតនា ដើម្បីបង្កើតភាពតានតឹងក្នុងតំបន់ និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់អ្នកយកព័ត៌មានទៀតថា កងកម្លាំងស្តាំនិយមកំពុងដឹកនាំប្រទេសជប៉ុន និងក្នុងតំបន់ ឆ្ពោះទៅរកគ្រោះមហន្តរាយ។
លោកស្រី Mao បន្ថែមថា ផែនការនេះ បានធ្វើឱ្យប្រទេសជិតខាងជប៉ុន និងសហគមន៍អន្តរជាតិមានការព្រួយបារម្ភខ្លាំង ដូច្នេះចិនត្រូវតែប្តេជ្ញាចិត្ត និងពង្រឹងសមត្ថភាពការពារអធិបតេយ្យភាពទឹកដីប្រទេសរបស់ខ្លួនជាចាំបាច់។
ចាប់តាំងពីឆ្នាំ ២០១៦មក ជប៉ុនបានសាងសង់មូលដ្ឋានយោធានៅលើកោះដាច់ស្រយាល Yonaguni បើទោះបីជាមានការជំទាស់ពីអ្នកស្រុកក៏ដោយ។ កន្លងមក ជប៉ុនធ្លាប់បានប្រកាសពីផែនការដាក់ពង្រាយមីស៊ីលប្រភេទ 03 Medium-Range Surface-to-Air Guided Missile ដើម្បីការពារកោះនេះប្រឆាំងនឹងមីស៊ីល និងយន្តហោះដែលចូលមកក្នុងដីកោះរបស់ខ្លួនមួយនេះ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
