ពលរដ្ឋតាមស្រុកជនបទ ដាំដំណាំដើរលក់តាម​ពិធី​បុណ្យ​ទាន រកប្រាក់ចំណូល ក្រៅពីធ្វើស្រែចំការ

(កំពង់ស្ពឺ)៖រៀងរាល់រដូវវស្សា ឬសូម្បីតែរដូវប្រាំងក្តី អ្នក​ស្រុកដែលរស់នៅតាមទីជនបទស្រុកស្រែចំការ ក្នុងនេះ​ដូចជា ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ឬ សូម្បីតែ ខេត្ត​ដទៃ​ក្តី តែងមិននៅស្ងៀមឡើយ ដោយធ្វើការដាំដំណាំមួយ​ចំនួន​ដូចជា សណ្តែកដី សាគូ ដំឡូង ពោត ជាដើម ​ទុក​សម្រាប់ដើរលក់ក្នុងពិធីបុណ្យផ្សេងៗដើម្បីរកប្រាក់ចំណូលគ្រួសារបន្ថែម។

សណ្តែកដីស្ងោរ សណ្តែកដីលីង សាគូ ពោតស្ងោរ ដំឡូង​ឈ្វា ដំឡូងដៃខ្លា និងចំណីចំណុកផ្សេងៗ​ទៀត​ដែលជារបស់ធម្មជាតិគេតែងឃើញបងប្អូនប្រជាពលរដ្ឋ ដាក់ថាស ដាក់កញ្ជើ កញ្ចែ្រង លក់តាមពិធីបុណ្យទាន​នានា មិនថាជាបុណ្យ កឋិន បុណ្យចូលឆ្នាំ បុណ្យភ្ជុំ​បិណ្ឌ​ឡើយ ពួកគាត់ដាក់លក់យ៉ាងត្រៀបត្រា ដែលបាន​ទាក់ទាញមនុស្សក្មេងចាស់ ប្រុសស្រី ចូលទិញ បរិភោគ​នៅនឹងកន្លែង ឬ ខ្លះទៀតយកជារបស់បញ្ញើ​ដល់អ្នកផ្ទះ​ទៀតផង។

តាមរយៈការលក់ដូរចំណីចំណុកតាមនេះ​ដែរ​កសិករ​ភាគច្រើនសុទ្ធតែ​បានប្រាប់​ថា គាត់​បាន​ដាំដោយ​ខ្លួន​ឯង កម្រមានណាស់ អ្នកដែលបានទិញពីផ្សារមក​លក់។

កំពុងឈរលក់សណ្តែកដីលីង ដាក់ថាសលើម៉ូតូ លោក មួង គីម រស់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រាប់ថា សណ្តែកដីដែលលោកលីងយកមកលក់នេះគឺដាំនៅផ្ទះខ្លួនឯង។ ក្រុមគ្រួសារលោក តែងស្រុះស្រួលគ្នា​ដាំ​សណ្តែ​​ក​​ដី ដំឡូងមី ដំឡូងឈ្វា សម្រាប់ទុកលក់​នៅ​ពេល​ដល់រដូវបុណ្យទាន មិនសូវដែលខកខានទេ​ដើម្បី​ឆ្លៀតរកចំណូលដល់ក្រុមគ្រួសារ។

បុរសវ័យ ៦០បា្លយ ដែលកំពុងលក់សណ្តែកដីលីង នៅវត្តមង្គលថ្មី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រូបនេះបាន​បា្រប់ដែរថា”ខ្ញុំដាំសណ្តែកដី ហើយលក់មួយ​រដូវអាច​បានប្រាក់ចំណូលប្រមាណ៥ ទៅ ៧លានរៀល គ្រាន់​សម្រាប់ចាយវាយ និងធ្វើបុណ្យទាន។ គ្រួសារខ្ញុំដាំទាំង​សណ្តែកដី និង ដំឡូងនេះ តាំងតែពីឪពុកម្តាយមក។កាលនោះឪពុកម្តាយខ្ញុំដាំទុកហូបខ្លះ និងទុកលក់ខ្លះ គឺដូចខ្ញុំសព្វថ្ងៃនេះដែរ”។

អ្នកស្រី សាម យួន ដែលរស់នៅស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺនេះដែរ បានប្រាប់ឱ្យដឹងថា អ្នកស្រី លក់ សណ្តែ​កដី និងដំឡូងដៃខ្លានេះជារបស់ដាំខ្លួន​ឯង​ទាំងអស់ទេ។ ក្នុងមួយរដូវៗបុណ្យចូលឆ្នាំ បុណ្យភ្ជុំ​បិណ្ឌ ឬ បុណ្យកឋិន អ្នកស្រីតែងជិះម៉ូតូដើរលក់​ម្នាក់​ឯង ហើយអាចរកចំណូលសម្រាប់ចិញ្ចឹមខ្លួនឯង មិនបាច់ពឹងពាក់កូនចៅនាំលំបាកនោះទេ។

មិនខុសគ្នានេះ អ្នកស្រី ឡុង បូ រស់នៅ ឃុំព្រៃរំដួល ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឹ បានប្រាប់ដែរថា សណ្តែក​ដែលគាត់ដាំនៅផ្ទះ ក្នុងមួយរយៈបុណ្យទានអាចរក​ចំណូលបានចាប់ពី៤០ ទៅ១លានរៀល។

ស្រ្តីដែលលក់សណ្តែកដីលីងប្រភេទមើមតូចៗសាច់ណែន មានរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ពិសាររូបនេះ បាន​ប្រាប់ដែរថា”អ្នកស្រុកខ្ញុំគេម្នាក់ៗសុទ្ធតែដាំសណ្តែកដី ពោត ដំឡូង និងប្រភេទផ្លែឈើ ហើយសល់ពីហូបនាំ​គ្នាលក់គ្រាន់បានចាយដែរ”។

ដោយឡែក អ្នកស្រី វ៉ាន់ថា មកពីខេត្តតាកែវ ដែលកំពុង​លក់សាគូ និងដំឡូងដៃខ្លានៅវត្តមង្គលថ្មី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រាប់ថារបស់ទាំងអស់នេះ​គឺអ្នកស្រី​បានដាំខ្លួនឯងទុកសម្រាប់លក់។សម្រាប់សាគូ និងដំឡូ​ងដៃខ្លា គាត់លក់មួយគីឡូក្រាម៥ពាន់រៀល ។សម្រាប់​សាគូ និងដំឡូងដៃខ្លានេះគាត់ដាំរយៈពេល៦ខែ ហុច​ផល​ហើយ។ជាមួយគ្នានេះមុខរបរនេះអ្នកស្រីបាន​ប្រ​កប​វាជាប្រចាំអស់រយៈពេលជិត៣០ឆ្នាំ មកហើយ ។

គួរបញ្ជាក់ថា មុខរបរលក់ដូរតាមស្រុកស្រែចំការ​ដ្បិត​មិន​ធំដុំ និងមិនមែនជារបស់ហូបចុកដូចសម័យ​ទំនើប​បច្ចុប្បន្នក្តី ប៉ុន្តែអាហារបុរាណខ្មែរទាំងនេះបានសាង​អនុស្សាវរីយ៍មនុស្សក្មេង ចាស់ ឱ្យជាប់ចិត្តមិន​តិច​សោះ​ឡើយ ដែលធ្លាប់បានទិញបរិភោគ ហើយតែងមិនខក​ខាន​សម្រាប់ការទិញដោយក្តីរីករាយ នៅពេលជួបវា​ម្តងៗ​ពិសេសតាមបុណ្យទាន តាមស្រុកភូមិរបស់ពួក​គេតែម្តង ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner