ឯកឧត្តម ហង់ ជួនណារ៉ុន ៖ បើកម្ពុជាធ្វើ​ពហិការមិន​ចូល​រួម​ស៊ីហ្គេមនៅថៃនឹងធ្វើឱ្យប៉ះពាល់កិត្តិយស​អា​ស៊ាន​ទាំងមូល

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានថ្លែង គូសបញ្ជាក់ថា ប្រសិនបើប្រទេសកម្ពុជាធ្វើពហិការមិន​ចូល​រួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ នាអំឡុងខែ ធ្នូ ឆ្នាំ២០២៥ខាងមុខនេះ កម្ពុជានឹងបាក់មុខ ពិសេស ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្នុងនាមជាប្រទេសសមាជិកអាស៊ាន ។

ការថ្លែងរបស់ឯកឧត្តម ហង់ ជួន ណារ៉ុន ក្នុងកម្មវិធី​ជួប​សំណេះសំណាលជាមួយប្រតិភូអត្តពលិកកីឡាទាំង២១ប្រភេទត្រៀមចាញទៅស៊ីហ្គេម លើកទី៣៣នៅថៃ នារសៀលថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅនាសាល​ប្រជុំវិមានសន្តិភាព។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា កម្ពុជាគិត​គូរ​ពិចារណាទាំងលំបាក ថ្លឹងថ្លែងច្បាស់លាស់ក្នុងស្ថាន​ភាពដ៏តានតឹង ដែលកម្ពុជាបានជួបប្រទះជាមួយថៃ មុន​ពេលសម្រេចចិត្តបញ្ជូនប្រតិភូគ្រូបង្វឹក និងអត្តពលិក ចំនួន៣៣២នាក់ ទៅប្រកួតនៅប្រទេសថៃ។

ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិ​ការ​ណ៍​ស៊ីហ្គេមលើកទី​៣៣​នៅថៃនេះ គឺជាការបង្ហាញការ​គាំទ្រចំពោះការ​រៀបចំរបស់អាស៊ាន មានន័យថា ព្រឹត្តិ​ការណ៍ស៊ីហ្គេម​នៅថៃនេះ មិនមែនរៀបចំដោយ​ប្រទេស​ថៃនោះទេ ពោលថៃគ្រាន់តែជាម្ចាស់ផ្ទះទទួល​ព្រឹត្តិការ​ណ៍​ប៉ុណ្ណោះ ។ ព្រោះព្រឹត្តិការណ៍បង្កើតឡើងពីរ​ឆ្នាំម្តង​នេះ ការរៀប​ចំដោយគណៈកម្មការកីឡាអាស៊ី​អាគ្នេយ៍​ដែល​មាន​សមា​ជិកទាំង១១ប្រទេស។

យ៉ាងណាមិញ ចំពោះការចូលរួមរបស់អត្តពលិកកីឡា​កម្ពុជា ឯកឧត្តម ហង់ ជួន ណារ៉ុន ក៏បានដាស់តឿន អត្តពលិក ឱ្យគោរពវិន័យ ក្រមសីលធម៌ ច្បាប់ការ​ប្រ​កួតកីឡាស៊ីហ្គេមឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការបង្កបញ្ហា​ផ្សេងៗ នាំឱ្យប៉ះពាល់មុខមាត់ជាតិ លើឆាកអន្តរជាតិ។

ឯកឧត្តម ក៏អំពាវនាវឱ្យប្រតិភូ អត្តពលិក និងមន្រ្តី​ពាក់ព័ន្ធ ឱ្យប្រុងប្រយ័ត្នខ្ពស់ទៅលើកត្តាសុវត្ថិភាព ការធ្វើដំណើរផ្សេងអំឡុងពេលប្រកួត និងត្រូវមានការ​ត្រួត​ពិនិត្យការចេញចូលកន្លែងស្នាក់នៅរបស់​អត្តពលិក​ជាប្រចាំផងដែរ។ ហើយការប្រជែងដណ្តើម​បានមេ​ដាយ​ជូនជាតិ ក្នុងព្រឹត្តិការណ៍នេះ អាចនិងធ្វើឱ្យ​អត្ត​ពលិក​យើងកម្ពុជាយើងកាន់តែល្បីខ្លាំងៗជាងការ​ដណ្តើម​បានមុនៗ។

សូមរំលឹកថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាបាន​សម្រេចបញ្ជូនប្រភេទកីឡាចំនួន ២១ មានអត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner