អ្នកនាំពាក្យក្រសួងការងារអំពាវនាវឱ្យកម្មករប្តឹងមកក្រសួងប្រសិនបើមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងចាត់វិធានការ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់កម្មករនិយជិត បុគ្គលិកក្រុមហ៊ុនឱ្យប្តឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រសិនបើមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងចាត់វិធានការ។

លោក ស៊ុន មេសា ថ្លែងថា ៖ «ខ្ញុំសូមអំពាវនាវដល់ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមកាត់ដេរ និងជំនួយការនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់ មេត្តាប្រើពាក្យសម្តីឱ្យបានទន់ភ្លន់ក្នុងការបំពេញការងារជាមួយកម្មករនិយោជិត ជាពិសេស បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ សូមកុំមានការជេរប្រមាថ ហើយបងប្អូនកម្មករ ឬនិយោជិតទាំងអស់អាចប្តឹងមកក្រសួង មកអ្នកនាំពាក្យ ឬបណ្តឹងអនាមឹករបស់ក្រសួង»។

ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាការជំរុញការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនបងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ទាំងពេលទំនាក់ទំនងផ្តល់ឱកាសការងារ និងពេលបំពេញការងារ ត្រូវមានភាពទន់ភ្លន់ យកចិត្តទុកដាក់ឱ្យដូចដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្ដល់ជូនពេលបងប្អូនឈានជើងដំបូងចូលមកដល់បូរណភាពទឹកដីកម្ពុជា។

បើតាមអ្នកនាំពាក្យ លោក ស៊ុន មេសា សម្រាប់បណ្តឹង កម្មករនិយោជិតអាចប្តឹងមកបណ្តាញសង្គមក្រសួង បណ្តាញសង្គមរដ្ឋមន្ត្រី អ្នកនាំពាក្យ និង QRCode បណ្តឹងអនាមិកដែលអាចទាក់ទងបានគ្រប់ពេល។ លេខទំនាក់ទំនងអ្នកនាំពាក្យ ៖ 097 256 4447/ 077 465 289/ 015 465 289 ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner