លោក Trump នឹងធ្វើទស្សនកិច្ចនៅទឹកដីប្រទេសចិនឆ្នាំក្រោយ

វ៉ាស៊ីនតោន ៖ បន្ទាប់ពីជួបសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី Xi Jinping កាលពីថ្ងៃចន្ទរួចមក, ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ប្រកាសថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាខែមេសា ឆ្នាំ២០២៦ ។

លោក Trump បានរៀបរាប់នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social ថា «លោកប្រធានាធិបតី Xi Jinping បានអញ្ជើញលោកទៅធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែមេសា ឆ្នាំក្រោយ ហើយលោកក៏បានទទួលយកការអញ្ជើញនេះផងដែរ ។ លោកថា ទំនាក់ទំនងរបស់អាមេរិកជាមួយចិន គឺល្អខ្លាំងណាស់ ។

ស្របពេលជាមួយគ្នានេះ លោក Trump ក៏បានអញ្ជើញប្រធានាធិបតីចិន លោក Xi Jinping សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ទឹកដីសហរដ្ឋអាមេរិកវិញផងដែរ នៅចុងឆ្នាំក្រោយ ។

បើតាមសារព័ត៌មាន BBC, ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ, លោក Trump និង លោក Xi Jinpingបានពិភាក្សាគ្នាអំពីបញ្ហាជាច្រើន រួមទាំងសង្គ្រាមពាណិជ្ជកម្ម, ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន, គ្រឿងញៀនហ្វេតានីល និងបញ្ហាកោះតៃវ៉ាន់ជាដើម ។

ជុំវិញរឿងកោះតៃវ៉ាន់ លោក Xi Jinping បានប្រាប់លោក Trump ថា ការវិលត្រឡប់របស់កោះតៃវ៉ាន់ មកកាន់ប្រទេសចិនវិញ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ចក្ខុវិស័យរបស់ប្រទេសចិន ជាពិសេសលើការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ នៅក្រោយសង្គ្រាម ។

ក្រោយការសន្ទនា, ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបញ្ជាក់ថា ប្រទេសទាំងពីរគួរតែ “រក្សាសន្ទុះ បន្តដំណើរទៅមុខ ក្នុងទិសដៅត្រឹមត្រូវ ដោយផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក” ។

ជំនួបតាមទូរស័ព្ទរវាងលោក Trump និងលោក Xi Jinping កើតមានឡើងមិនដល់មួយខែផង បន្ទាប់ពីមេដឹកនាំទាំងពីរ បានជួបគ្នា នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង កាលពីខែតុលា ។ បន្ទាប់ពីជំនួប នោះ លោក Trump និង លោក Xi បានយល់ព្រមលើការផ្អាកសង្គ្រាមពន្ធគយ តាមរយៈការដកការគំរាមកំហែងដាក់ពន្ធបន្ថែម ១០០% លើទំនិញរបស់ចិន ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បានពន្យារពេលផែនការរឹតត្បិតលើការនាំចេញរ៉ែកម្រ ៕

ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner