ជន់លិចកាន់តែអាក្រក់ រហូតអាជ្ញាធរថៃ គ្រោងយកនាវាផ្ទុកយន្តហោះទៅសង្គ្រោះ
បាងកក ៖ ប្រទេសថៃ នៅថ្ងៃអង្គារនេះ បានរៀបចំបញ្ជូននាវាផ្ទុកយន្តហោះ ជាមួយនឹងការផ្គត់ផ្គង់ជំនួយ និងក្រុមគ្រូពេទ្យ ទៅកាន់ភាគខាងត្បូង ជាកន្លែងដែលមានភ្លៀងធ្លាក់ខ្លាំង កាន់តែច្រើនឡើង បង្កជាទឹកជំនន់ដ៏អាក្រក់បំផុត ដែលបានសម្លាប់មនុស្ស ចំនួន១៣នាក់ហើយ។
យោងតាមសារព័ត៌មាន CNA, ទឹកជំនន់ដែលហក់ឡើងដល់កម្ពស់ ២ម៉ែត្រ នៅក្នុងតំបន់មួយចំនួន បានវាយប្រហារខេត្តភាគខាងត្បូង ចំនួន៩ របស់ប្រទេសថៃ។
កងទ័ពជើងទឹកថៃ បាននិយាយថា ខ្លួនបានត្រៀមបញ្ជូនកងនាវាចំនួន ១៤ គ្រឿង និងនាវាផ្ទុកយន្តហោះ Chakri Naruebet អមដោយឧទ្ធម្ភាគចក្រ ដឹកក្រុមវេជ្ជបណ្ឌិត, សម្ភារៈចាំបាច់ និង ផ្ទះបាយចល័ត ដែលអាចផ្គត់ផ្គង់អាហារបាន ៣,០០០កញ្ចប់ ក្នុងមួយថ្ងៃ។
ប្រភពបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កងនាវាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូនកងកម្លាំង និងអនុវត្តសកម្មភាព ដូចតាមការបញ្ជារបស់កងទ័ពជើងទឹក» ដោយបន្ថែមថា នាវាផ្ទុកយន្តហោះក៏អាចបម្រើ ជាមន្ទីរពេទ្យបណ្តែត ផងដែរ។
នៅភាគខាងត្បូង ប្រទេសថៃ មានមនុស្សប្រមាណ ១.៩លាននាក់ បានរងផលប៉ះពាល់ ដោយសារទឹកជំនន់។ ទីភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងទឹកជំនន់ភ្លាមៗ រហូតមកដល់ថ្ងៃអង្គារនេះ ហើយបានព្រមានទូកតូចៗ ឱ្យនៅជាប់នឹងច្រាំង ដើម្បីជៀសវាងរលក ដែលមានកម្ពស់លើសពី ៣ ម៉ែត្រ។
នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានថ្លែងចាត់ទុកថា ជាទឹកជំនន់ដ៏អាក្រក់បំផុត មិនធ្លាប់មាន ក្នុងរយៈពេល ១៥ឆ្នាំ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត