អ្នកនាំពាក្យក្រសួងព័ត៌មាន៖យន្តការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន លើកកម្ពស់ការធានា សន្តិសុខព័ត៌មាននៅកម្ពុជា

ភ្នំពេញ៖គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងអាណត្តិទី៧នេះបានដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការ ជាមួយការអនុវត្តវិធានការជាក់ស្តែងក្នុងបង្ការ ទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីឆ្លើយតបទៅនឹងហានិភ័យ និងការពារប្រជាពលរដ្ឋពីភាពប្រឈម​នឹងគ្រោះបណ្តាលមកពីព័ត៌មានក្លែងក្លាយ។ នេះជាការអធិប្បាយរបស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាននិងតាមរយៈ​ប្រព័ន្ធអនឡាញ(Zoom) ។

ក្នុងប្រជុំដែលមានការចូលរួមពីថ្នាក់ដឹកនាំតំណាងអនុគណៈកម្មការចំណុះគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ សមាជិក សមាជិកាលេខាធិការដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មាន២៥រាជធានី ខេត្ត ឯកឧត្តម​អនុរដ្ឋ​លេខាធិការ​បានគូសរំលេចបន្ថែមថា ការអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បានកសាងជំនឿទុកចិត្តរបស់ប្រជា​ពលរដ្ឋ​មកលើការដឹកនាំលើវិស័យព័ត៌មាននិងសោតទស្សន៍ ការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន និងការលើកកម្ពស់​សន្តិសុខព័ត៌មាន ជាអាទិ៍តាមរយៈវិធានការគ្រប់គ្រង បន្សាប និងឆ្លើយតបទាន់ពេលវេលា ដើម្បីទប់ស្កាត់ហានិភ័យ​នានា​ដែលអាចបង្កមហន្តរាយដល់ពលរដ្ឋ និងសង្គម។

ផ្អែកតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន លទ្ធផលការងារគ្រប់គ្រង ប្រឆាំងព័ត៌មានក្លែងក្លាយ បានទប់ស្កាត់ឥទ្ធិពលអាក្រក់ និងការសាយភាយ​ព័ត៌មាន​ក្លែងក្លាយ ចំនួន ២ ៨១០ ពាក់ព័ន្ធនឹងវិស័យការពារជាតិ ព្រំដែន កសិកម្ម សុខុមាលភាព ការគាំពារសង្គម ដីធ្លីក្នុង​ចំណោមប្រធានបទផ្សេងទៀត ក្នុងរយៈពេល ៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ២០២៥។

គប្បីជម្រាបជូនផងដែរថា នៅក្នុងរយៈពេលនេះដែរ យុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ដែលដឹកនាំ​ដោយក្រសួងព័ត៌មាន និងអនុវត្តក្នុង២៥រាជធានី ខេត្ត បានក្លាយជាចលនាជាតិ ដើម្បីផ្តល់ការការពារជូនប្រជាពលរដ្ឋ​ពីមហន្តរាយដែលអាច​កើតពីព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់​កម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស។

ឯកឧត្តម ទេព អស្នារិទ្ធ បានប្រាប់កិច្ចប្រជុំថា យុទ្ធនាការនេះកំពុងបន្តសកម្មភាពតាមបណ្តារាជធានី ខេត្ត និងពង្រីក​យុទ្ធនាការអប់រំលើបណ្តាញសង្គម ក្នុងក្របខណ្ឌនៃការអនុវត្តនៅទូទាំងប្រទេស ដោយមានការគាំទ្រអនុវត្ត ដោយថ្នាក់​ដឹកនាំនៃគណៈអភិបាលរាជធានី ខេត្ត មន្ទីរព័ត៌មាន អាជ្ញាធរក្រុង ស្រុក/ឃុំ វិស័យឯកជនក្នុងរាជធានី ខេត្ត និងដៃគូ​ពាក់​ព័ន្ធ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានបង្ហាញថា ព័ត៌មានក្លែងក្លាយអាចបង្កឱ្យមានផលវិបាកដែលយើងមិន​អាចនឹកស្មាន​ដល់ ព្រមទាំងអាចជះផលអវិជ្ជមានរយៈពេលយូរប៉ះពាល់ដល់ការរស់នៅ ចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ​ទាំងមូល។ ព័ត៌មានក្លែងក្លាយ ដែលកំពុងចរាចរលើបណ្តាញសង្គម ប្រសិនបើពុំមានយន្តការ និងវិធានការច្បាស់លាស់​ក្នុងការទប់ស្កាត់ទេ វានឹងបង្កភាពច្របូកច្របល់ និងការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរលើបញ្ហាអ្វីមួយ ឬប៉ះពាល់ដល់លើការ​ដឹកនាំ, បង្កឱ្យមានការរើសអើង និងអរិភាពក្នុងសង្គម, ធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្តលើ​ប្រភពព័ត៌មាន​ពិតប្រាកដ, ឬអាចគំរាមកំហែងប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈជាដើម។

អ្នកនាំពាក្យដដែលបានសង្កត់ថា ក្នុងក្របខ័ណ្ឌធានាសណ្តាប់ធ្នាប់សារព័ត៌មាន និងការផ្សាយលើបណ្តាញសង្គម ក្រសួងព័ត៌មានបានដាក់ចេញសេចក្តីណែនាំ និងបទដ្ឋានតម្រង់ទិសលើក្រមសីលធម៌ និងពង្រឹងការអនុវត្ត​និយាម​ប្រតិបត្តិបណ្តាញសង្គម សម្រាប់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាលើបណ្តាញសង្គម ដើម្បីលើកកម្ពស់​សុវត្ថិភាព​ព័ត៌មាន និងពង្រឹងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ គោរពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សីលធម៌សង្គម និងអនុលោមតាមច្បាប់ជាធរមាន៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner