ចិន ព្រមាន ជប៉ុន ថា ទីក្រុងប៉េកាំងត្រៀមខ្លួនធ្វើសង្គ្រាមរួចរាល់អស់ហើយ
ប៉េកាំង ៖ យោធាចិនបានប្រកាសប្រាប់ប្រទេសជប៉ុន និងពិភពលោកថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសង្គ្រាមប្រឆាំងសត្រូវ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រទេសជប៉ុន ។ នេះបើតាមសារព័ត៌មាន The Telegraph ចេញផ្សាយកាលពីថ្ងៃចន្ទ ។
ការប្រើសម្ដីធ្ងន់ៗនេះកើតមានឡើងនៅក្នុងឃ្លីបវីដេអូចម្រៀងជាតិនិយមដែលបញ្ចេញដោយកងទ័ពរំដោះប្រជាជនចិន ។ ក្នុងវីដេអូនោះបានបង្ហាញពីគ្រាប់រ៉ុកកែត មីស៊ីលផ្លោងអន្តរទ្វីប យន្តហោះចម្បាំង នាវាពិឃាដ និងអមដោយចំណងជើងថា «បើថ្ងៃនេះសង្គ្រាមផ្ទុះឡើង នេះជាការឆ្លើយតបរបស់ចិន» ។
ទន្ទឹមនោះ ការបញ្ចេញឃ្លីបវីដេអូដ៏រសើបនេះ ត្រូវបានផ្សព្វផ្សាយ ២ សប្តាហ៍ប៉ុណ្ណោះ ក្រោយលោកស្រីនាយករដ្ឋមន្រ្តីជប៉ុន Sanae Takaichi បានប្រើពាក្យសម្តីថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចជំរុញឲ្យមានការឆ្លើយតបផ្នែកយោធាពីសំណាក់ជប៉ុន ។
ភ្លាមៗក្រោយវោហាសាស្ត្ររបស់លោកស្រី Sanae Takaichi, អ្នកការទូតចិនម្នាក់បានគំរាមតបទៅវិញថា លោកស្រីគួរតែទទួលទោសទណ្ឌ ដោយសារតែពាក្យសម្តីទាំងនេះ គឺជាការដុតបញ្ឆេះភាពតានតឹងដ៏អាក្រក់បំផុតរវាងប្រទេសទាំងពីរក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ។
ស្របពេលជាមួយគ្នានេះ ក្រុមមន្រ្តីចិនក៏បានធ្វើការទទូចឱ្យលោកស្រីនាយករដ្ឋមន្រ្តី Takaichi កែតម្រួវពាក្យសម្តីរបស់ខ្លួនឡើងវិញ ប៉ុន្តែត្រូវបានលោកស្រីបដិសេធ ។
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi ថែមទាំងគំរាម ដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមបាញ់ចេញពីដីទៅអាកាសនៅក្បែរកោះ Yonaguni ដែលមានចម្ងាយត្រឹមតែ ១១០គីឡូម៉ែត្រប៉ុណ្ណោះពីកោះតៃវ៉ាន់ ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning និយាយថា វិធានការនេះមានបំណងបង្កភាពតានតឹងក្នុងតំបន់ និងញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា ។ លោកស្រីព្រមានថា កងកម្លាំងស្តាំនិយមនៅជប៉ុនកំពុងដឹកនាំជប៉ុនទៅរកគ្រោះមហន្តរាយ ។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប្រទេសចិនដែលទាមទារថាកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនជាយូរមកហើយនោះ បានបង្កើនសារផ្នែកយោធាជាច្រើនទៅកាន់ប្រទេសជប៉ុន ដោយក្នុងនោះក្រសួងការពារជាតិចិនបានព្រមានកាលពីពាក់កណ្តាលខែវិច្ឆិកាថា ជប៉ុនប្រឈមនឹងបរាជ័យយ៉ាងធ្ងន់ធ្ងរ បើសិនហ៊ានលូកដៃក្នុងជម្លោះនៅកោះតៃវ៉ាន់ ៕
ប្រភព ៖ The Telegraph និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា
