ស្ថានទូតកម្ពុជាប្រចាំនៅប៊ុលហ្គារី នឹងរៀបចំវេទិកាផ្សព្វផ្សាយសក្តានុពលកម្ពុជា
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារីគ្រោងនឹងរៀបចំ “វេទិកាផ្សព្វផ្សាយមួយដែលបង្ហាញពីសក្តានុពលកម្ពុជានៅស្ថានទូតកម្ពុជានាទីក្រុងសូហ្វៀ សាធារណរដ្ឋប៊ុលហ្គារី នៅចុងសប្តាហ៍នេះ។
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ បានបញ្ជាក់ថា វេទិកាដែលនឹងរៀបចំនៅថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខ។វេទិកានេះមានគោលបំណងដើម្បីទាក់ទាញការចូលរួមពីតំណាងសាធារណៈឯកជន អ្នកជំនាញសេដ្ឋកិច្ច និងតំណាងអង្គការអន្តរជាតិផងដែរ ។កម្មវិធីនេះ ក៏នឹងទាក់ទាញឱ្យមានការចូលរួមពីអង្គភាពសារព័ត៌មានចំនួន ១៣អង្គភាព រួមទាំងទូរទស្សន៍ វិទ្យុ និងសារព័ត៌មានឌីជីថល ដែលនឹងមកគាំទ្រការផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពលប្រទេសកម្ពុជា ទៅបណ្ដាប្រទេសអឺរ៉ុបទាំងមូល។
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ បានបញ្ជាក់ថា “វេទិកាផ្សព្វផ្សាយសក្តានុពលកម្ពុជា” មិនត្រឹមតែជាវេទិកាពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដែលបង្កើនភាពលេចធ្លោក្នុងឆាកអន្តរជាតិ ហើយការចូលរួមរបស់តំណាងអាជីវកម្ម អ្នកជំនាញ និងជាពិសេស សារព័ត៌មានអន្តរជាតិទាំងនោះ បានបង្ហាញថា កម្ពុជាកំពុងកើនឡើងជាប្រទេសមានអនាគតភ្លឺពន្លឺក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ឯកឧត្តមឯកអគ្គរាជទូត បានបន្ថែមថា វេទិកានេះ គឺមានអត្ថន័យសំខាន់ណាស់ ក៏ព្រោះតែការរៀបចំ បានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Maxim Behar ជាអ្នកជំនួញជនជាតិប៊ុលហ្គារី ដែលមានឥទ្ធិពលខ្លាំងលើវិស័យ Public Relations និង Public Affairs ដោយជាប្រធាន M3 Communications Group, Inc. មកកាន់ប្រទេសកម្ពុជា ក្រោមកិច្ចសហការរវាងស្ថានទូតកម្ពុជា បណ្តាដៃគូឯកជន និងនាយកដ្ឋានការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ការមកទស្សនកិច្ចកម្ពុជារបស់លោក Maxim Behar បានបង្ហាញពីចំណាប់អារម្មណ៍កើនឡើងរបស់សហគមន៍អាជីវកម្មអឺរ៉ុបលើប្រទេសកម្ពុជា និងក្លាយជាចំណុចលេចធ្លោសម្រាប់ការកសាងការសហការអនាគតនៅវិស័យទំនាក់ទំនងសាធារណៈ ការវិនិយោគ និងការផ្សព្វផ្សាយប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ ។
ឯកឧត្តមឯកអគ្គរាជទូតបន្ថែមទៀតថា វេទិកាផ្សព្វផ្សាយនេះ នឹងលើកស្ទួយសក្តានុពលប្រទេសកម្ពុជា លើវិស័យជាច្រើន រួមមាន វិស័យសេដ្ឋកិច្ច ដែលនឹងបើកចំហសម្រាប់វិនិយោគពីអ៊ឺរ៉ុប, វិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិអស្ចារ្យរបស់កម្ពុជា, វិស័យកសិកម្ម និងឧស្សាហកម្មផលិតកម្ម ដែលជាវិស័យគោលដៅក្នុងការទាក់ទាញអ្នកវិនិយោគ តាមរយៈផលិតផលសំខាន់ៗរួមមាន អង្ករ, កាហ្វេ, កាកាវ, កៅស៊ូ, និងផ្លែឈើត្រូពិច ។
វិស័យសេដ្ឋកិច្ចឌីជីថល ដែលកម្ពុជាកំពុងដំណើរការទៅរកសេដ្ឋកិច្ចឌីជីថលពេញលេញ ក្នុងនោះ FinTech, E-commerce និងបច្ចេកវិទ្យាឌីជីថលក្លាយជាភាពសំខាន់ ដែលចាប់អារម្មណ៍វិនិយោគិនអឺរ៉ុបកាន់តែច្រើន ។ បន្ថែមពីនោះការផ្សព្វផ្សាយពីសន្តិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ចីរភាព សន្តិភាពយូរអង្វែង កម្លាំងពលកម្មវ័យក្មេង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ FB : Dr. CHEA Chanboribo
