ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ បចេ្ចកវិទ្យាបញ្ញាសិប្ប​និម្មិត AI ចូលរួមចំណែកជំរុញសេដ្ឋកិច្ច និង សង្គម

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានបញ្ជាក់​អំពី​សា​រៈ​សំខាន់ នៃបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិត​ដែល​បាន​និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបាន​ចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គម។ ក្នុងន័យនេះក្រសួង បានបំពេញការងារអាទិភាព​ជា​ច្រើន រួមទាំងការរៀបចំសេចក្តីព្រាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំដៅកសាង​ហេដ្ឋា​រចនាសម្ព័ន្ធឆ្អឹងខ្នងនិងអភិបាលកិច្ចក្នុងវិស័យនេះ តាម​ការប្រគល់ភារកិច្ចពីរាជរដ្ឋាភិបាល ។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋ​មន្រ្តី​ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ កាលពី​ថ្ងៃ​ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈអញ្ជើញថ្លែង​សុន្ទរ​កថា​គន្លឹះ ក្នុងពិធីបើកសន្និសីទថ្នាក់ជាតិស្ដីពីបញ្ញា​សិប្ប​និម្មិតសម្រាប់ការអប់រំ ឆ្នាំ២០២៥ ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិតសម្រាប់អនាគតនៃការអប់រំនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីតំណាងអង្គទូត ដៃគូ​អភិវឌ្ឍ គ្រឹះស្ថានអប់រំ និងសិស្ស និស្សិត ជាង ៤០០រូប នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្រសួងក៏បានខិតខំកសាង​ធន​ធាន​មនុស្សឌីជីថល ឱ្យស្របតាមតម្រូវការរបស់កម្ពុជា​នាពេលបច្ចុប្បន្ន ដោយបានផ្តល់អាហារូបករណ៍ ជំនួយ​ហិរញ្ញវត្ថុ និងកម្មវិធីបណ្តុះបណ្តាលផ្សេងទៀត​ដល់​សិស្ស និស្សិត និងមន្រ្តីរាជការ ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។ ក្នុងចំណោមនិស្សិត ២៥០០​នាក់ មាននិស្សិត ១៧០នាក់ បានបញ្ចប់ការសិក្សាថ្នាក់​បរិញ្ញាបត្រលើមុខជំនាញឌីជីថល នៅសាកលវិទ្យាល័យ​ដៃ​គូរ​ចំនួន ៦ ហើយបច្ចុប្បន្នពួកគាត់កំពុងបំពេញការ​ងារ​នៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់​ថា បច្ចេកវិទ្យា បានផ្ដល់មកឱ្យយើងទាំងឧត្តមភាព និង​បញ្ហាប្រឈម ដូច្នេះហើយ គួរយកទស្សនៈនេះមក​សំ​យោគ ដើម្បីរៀបចំគោលនយោបាយឱ្យសមស្រប សំ​ដៅ​លើកកម្ពស់កំណើនសេដ្ឋកិច្ច បរិយាបន្ន និងនិរន្តរ​ភាព ។ បន្ថែមលើនេះ ក៏បានណែនាំដល់មជ្ឈ​មណ្ឌល​ស្រាវជ្រាវបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ដែលដឹក​នាំប្រធានក្រុមប្រឹក្សាសាកលវិទ្យា ដើម្បីរៀបចំគោល​បាយអប់រំមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីកាត់​បន្ថយភាពអវិជ្ឍមាន និងបង្កើនប្រសិទ្ធភាពក្នុងការ​បង្រៀន ។

លោកស្រី Eather McFarlane មន្ត្រីទទួលបន្ទុក នៃ​អង្គការ UNESCO បានកោតសរសើរចំ​ពោះភាព​បុរេ​សកម្មរបស់ ក.ប.ទ. ក្នុងការបញ្ចប់ការវាយតម្លៃការ​ត្រៀម​ខ្លួនសម្រាប់បញ្ញាសិប្បនិម្មិត (RAM – Readiness Assessment Methodology) របស់​អង្គការ UNESCO ហើយកម្ពុជាបានក្លាយជាប្រ​ទេស​ទីបួនក្នុងតំបន់អាស៊ាន ដែលបានបញ្ចប់កិច្ចការ​នេះ។

លោកស្រី បន្តថា សមិទ្ធផល RAM របស់កម្ពុជា គឺបាន​ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ និងក្រម​សីលធម៌ ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner