យុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើក យុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ» ។ព្រឹត្តិការណ៍​នេះដើម្បី​លើកកម្ពស់ការយល់ដឹង ពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងជំរុញវិធានការ ដើម្បីឆ្លើយតបទៅនឹងអំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ ។

ថ្លែងក្នុងពិធីខាងលើ ដែលប្រារព្ធនៅថ្ងៃទី២៥ ខែវិច្ឆិកា ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា ប្រធានបទនេះ​ពិតជា​បាន​គ្រប​ដណ្តប់លើការការពារ​សុវត្ថិភាព​របស់កម្មករនិយោជិត ជាពិសេសការការពារសិទ្ធិស្រ្តី ដែលងាយរង​នូវអំពើ​ហិង្សា និងការបៀតបៀនគ្រប់រូបភាព​នៅកន្លែងធ្វើការ។យុទ្ធនាការនេះ ជាការចូលរួមដ៏សំខាន់របស់កម្ពុជា ជាមួយ​នឹងពិភព​លោកក្នុងការប្រារព្ធទិវា ១៦ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើ​យេនឌ័រ របស់អង្គការសហប្រជាជាតិ ក្រោមប្រធានបទ៖ «UNITE ដើម្បីបញ្ចប់អំពើហិង្សាឌីជីថលប្រឆាំងនឹងស្រ្តី និងក្មេងស្រីទាំងអស់»។

លោកស្រី Froukje Boele ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បាន​បញ្ជាក់ថា ជាការពិតណាស់ នៅពេលដែលកន្លែងធ្វើការមានសុវត្ថិភាព និងមានការគោរពសិទ្ធិគ្នាទៅវិញទៅមក នឹង​ធ្វើឱ្យមានផលិតភាព និងអាជីវកម្មមានភាពជោគជ័យ។

សូមជម្រាបថា យុទ្ធនាការខាងលើសហការរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិ​ខាងការងារ (ILO) កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងវិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរកម្ពុជា (CGTI) ៕


ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner