ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង គាំទ្រមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា
(ភ្នំពេញ)៖ ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលការអនុញ្ញាតជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីពិនិត្យលទ្ធភាពក្នុងការពង្រីកការផ្សព្វផ្សាយ និងចលនាកៀរគរការបរិច្ចាគ របស់ សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ។
បន្ទាប់ពីបានជួបពិភាក្សា និងស្ដាប់អំពីគោលដៅនៃបេសកកម្មរបស់ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា, ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ជាពិសេសបានបង្ហាញអំពីចេតនាក្នុងការផ្ដល់កិច្ចសហការដើម្បីរៀបចំយុទ្ធនាការ ក៏ដូចជាកម្មវិធីនានា ក្នុងគោលបំណងផ្សព្វផ្សាយអំពីមូលមូលនិធិគន្ធបុប្ផាកម្ពុជា និងពិនិត្យលទ្ធភាពក្នុងការបង្កើតច្រកដែលបងប្អូនពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ អាចធ្វើការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា បានកាន់តែងាយស្រួល ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានបេសកកម្មជួយសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជារាប់ម៉ឺននាក់ ដោយមិនគិតថ្លៃ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ។
សូមជម្រាបជូនថា ការជួបពិភាក្សា ខាងលើនេះ បានធ្វើឡើង នៅស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥៕


ដោយ៖ង៉ាន់ ទិត្យ