ធនាគារជាតិ៖ ក្នុងចំណោមពលរដ្ឋជាង ១០០នាក់ មានជិត៥០ភាគរយប្រើប្រាស់ឥណទានផ្លូវការ
កំពង់ឆ្នាំង៖ធនាគារជាតិនៃកម្ពុជាបានស្ទង់មតិលើពលរដ្ឋជាង ១០០នាក់ ក្នុងនោះមានពលរដ្ឋជិត ៥០ភាគរយ ប្រើប្រាស់ឥណទានផ្លូវការ ខណៈពលរដ្ឋ ២១.៨២ភាគរយប្រើប្រាស់សេវាកម្ចីខុសច្បាប់, ពលរដ្ឋ ២១.៨២ភាគរយ ប្រើប្រាស់ទាំងពីរនិងមាន ៧.២៧ ភាគរយមិនបានប្រើប្រាស់សេវាកម្ចីណាមួយឡើយ ។
ក្នុងសិក្ខាសាលាស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន នៅខេត្តកំពង់ឆ្នាំងកាលពីពេលថ្មីៗនេះឯកឧត្តម យឹម លាត ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជាបានអះអាងថា ធនាគារជាតិនៃកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះពីកម្ចីខុសច្បាប់ ដោយត្រូវបង់ការប្រាក់ខ្ពស់ហួសហេតុ និងត្រូវបានគេគំរាមកំហែងគ្រប់រូបភាព បង្ខំឱ្យសងប្រាក់ខុសគោលការណ៍ និងបណ្តាលឱ្យធ្លាក់ខ្លួនកើតវិបត្តិផ្លូវចិត្ត ដោយសារបំណុលវ័ណ្ឌក និងត្រូវគេរឹបអូសទ្រព្យអស់គ្មានសេសសល់ ។ ដូច្នេះការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអាទិភាពនិងចាំបាច់ដែលធនាគារជាតិនៃកម្ពុជា បាននិងកំពុងអនុវត្ត និងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីបញ្រ្ជាបការយល់ដឹងនេះ ដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកាតាលីករជួយជំរុញនិងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ។
ឯកឧត្តម យឹម លាត បន្តថា វិស័យធនាគារ និងហិរញ្ញវត្ថុ បាន និងកំពុងរីកចម្រើនឥតឈប់ឈរ ជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលថ្មីៗ ស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ។ ប៉ុន្តែថ្នាលឌីជីថល ក៏ប្រៀបបាននឹងអាវុធមុខពីរ ដោយវាអាចជួយឱ្យយើងបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានបង្កឱ្យមានហានិភ័យផងដែរ ដូចជា ការឆបោក ការលួចទិន្នន័យ និងការក្លែងបន្លំអត្តសញ្ញាណជាដើម ។ ក្នុងន័យនេះឯកឧត្តម បានលើកទឹកចិត្តដល់អាជ្ញាធរមានសមត្ថកិច្ច ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តទប់ស្កាត់ កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិត នៃការដាក់គំនាបទៅលើអ្នកខ្ចីខុសពីច្បាប់ ។
តាមរបាយការណ៍របស់លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងបង្ហាញថា ខេត្តកំពង់ឆ្នាំង មានរមណីយដ្ឋាន ៣៥កន្លែង មានរោងចក្រធុនធំកំពុងដំណើការ ៣០រោងចក្រ និងមានសហគ្រាស ធុនតូច មធ្យម និងសិប្បកម្មសរុប ២ ៩២៨មូលដ្ឋាន ។ ក្នុងឆ្នាំ២០២៥ នេះ ខេត្តទទួលបានការវិនិយោគលើសពី ៥លានដុល្លា ដែលចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ទន្ទឹមនេះ វិស័យហិរញ្ញវត្ថុ ក៏មានដំណើរការល្អផងដែរ ដោយសព្វថ្ងៃមានធនាគារពាណិជ្ជ និងសាខាធនាគារពាណិជ្ជចំនួន ១៣, ធនាគារឯកទេសចំនួន ១, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៤, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើមានចំនួន ១០, ក្រុមហ៊ុន ឬគ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ មានចំនួន ១, ប្រតិបត្តិករឥណទាន សមាគម និងអង្គការ មានចំនួន ៤ ។ គ្រឹះស្ថានទាំងនោះ បានរួមចំណែកផ្តល់ការងារដល់ប្រជាជន និងជាពិសេសសេវាហិរញ្ញវត្ថុចាំបាច់សម្រាប់ជំនួញ និងប្រជាជនក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។
តំណាងអាជ្ញាធរខេត្ត ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុន-សហគ្រាស នៅក្នុងខេត្តកមពង់ឆ្នាំង ឱ្យបន្តចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែច្រើនឡើងថែមទៀត ៕
អត្ថបទ៖ វណ្ណលុក, រូប៖ វ៉េង លីមហួត





