ជប៉ុនបង្កើតនាយកដ្ឋាន DOGE កាត់បន្ថយចំណាយខ្ជះខ្ជាយ

តូក្យូ ៖ ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ បានសម្រេចបង្កើតនាយកដ្ឋានប្រសិទ្ធិភាពរដ្ឋាភិបាល ហៅកាត់ DOGE កាត់បន្ថយចំណាយខ្ជះខ្ជាយ។ ជាស្ថាប័នដែលលោកមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ធ្លាប់បានបង្កើតនិងដឹកនាំ កាត់បន្ថយចំណាយលើសលុបនៅអាមេរិក ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump។

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃពុធនេះ, DOGE ជប៉ុន ត្រូវបានរៀបចំឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រីថ្មីថ្មោង Sanae Takaichi បានដាក់ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច តម្លៃ១៣៥ពាន់លានដុល្លារ ក្នុងគោលបំណងដោះស្រាយបញ្ហាអតិផរណា និងស្ដារប្រជាប្រិយភាពរបស់គណបក្សកាន់អំណាច ហើយ DOGE ជប៉ុន នឹងត្រូវចូលខ្លួនមកបន្ធូរបន្ថយការព្រួយបារម្ភ លើកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោកស្រី Satsuki Katayama បានប្រាប់សន្និសីទសារព័ត៌មានថា នាពេលអនាគត និរន្តរភាពសារពើពន្ធគឺសំខាន់បំផុត ហើយសាធារណជនអាចមើលឃើញថា រដ្ឋាភិបាលកំពុងធ្វើការយ៉ាងខ្ជាប់ខ្ជួន ចំពោះរឿងនេះ ហើយមានការចាប់អារម្មណ៍ជាសាធារណៈខ្ពស់ ក្នុងការកាត់បន្ថយចំណាយខ្ជះខ្ជាយ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីរដ្ឋមន្ត្រី បញ្ជាក់ថា DOGE ជប៉ុន មិនមានបំណងផ្លាស់ប្តូរស្ថាប័នរដ្ឋាភិបាលនោះទេ ហើយនឹងត្រូវបានបង្កើតឡើងដោយមន្ត្រីរដ្ឋាភិបាល ដែលមានគ្នាប្រហែល ៣០នាក់ ។ លោកស្រីបានបន្ថែមទៀតថា នាយកដ្ឋានប្រសិទ្ធិភាពរដ្ឋាភិបាលនេះ ទទួលបន្ទុកត្រួតពិនិត្យវិធានការពន្ធពិសេស និង ការឧបត្ថម្ភធន ព្រមទាំង ពិនិត្យមើលកម្មវិធីណា ដែលមានផលប៉ះពាល់គោលនយោបាយ។

គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងចម្រុះ រវាងបក្សកាន់អំណាចរបស់លោកស្រី Takaichi និង ដៃគូថ្មី គឺ គណបក្ស Japan Innovation Party។
ការិយាល័យនេះ ត្រូវបានគេរំពឹងថា នឹងមានមុខងារពេញលេញ នៅឆ្នាំក្រោយ ដែលត្រូវឆ្លុះបញ្ចាំង នៅក្នុងថវិកាសម្រាប់ឆ្នាំសារពើពន្ធ ដែលចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៧ នេះបើយោងតាម លោកស្រី Katayama ដដែល។

កាលពីសប្តាហ៍មុន លោកស្រី នាយករដ្ឋមន្ត្រី Sanae Takaichi បានសន្យាការចំណាយរបស់រដ្ឋាភិបាលយ៉ាងច្រើន ក្នុងការជំរុញសេដ្ឋកិច្ច ដោយទទូចថា ខ្លួនទទួលខុសត្រូវផ្នែកសារពើពន្ធ ទោះបីជាមានការភ័យខ្លាចថា នឹងធ្វើឱ្យបន្ទុកបំណុលដ៏ច្រើនរបស់ប្រទេស កាន់តែអាក្រក់ទៅៗក៏ដោយ។

គួរឲ្យដឹងថា ក្រោមការដឹកនាំរបស់លោកមហាសេដ្ឋី Elon Musk, នាយកដ្ឋាន DOGE នៅសហរដ្ឋអាមេរិក បានបញ្ជូនក្រុមអ្នកជំនាញផ្នែកបច្ចេកវិទ្យា ទៅធ្វើការរុះរើជាប្រព័ន្ធ និងប៉ះពាលដល់មុខងាររបស់មន្ត្រីស៊ីវិល ជាង២លាននាក់ នៅសហរដ្ឋអាមេរិក៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner