រុស្ស៊ី កំពុងសំងំផលិតអាវុធច្រើនបំផុត គ្មានប្រទេសណាអាចធ្វើដូច

មូស្គូ ៖ ប្រទេសរុស្ស៊ីកំពុងសំងំផលិតអាវុធក្នុងបរិមាណច្រើនសន្ធឹកសន្ធាប់ និងគ្មានប្រទេសណានៅលើពិភពលោក អាចធ្វើបានដូចខ្លួន និងសូម្បីតែស្រមៃ ។ នេះបើតាមការបញ្ជាក់របស់លោក Sergey Chemezov ប្រធានក្រុមហ៊ុនផលិតអាវុធការពារជាតិរុស្ស៊ី Rostec ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃអង្គារ, លោក Chemezov និយាយថា រុស្ស៊ីបានបង្កើនការផលិតអាវុធយ៉ាងខ្លាំងក្លា ចាប់តាំងពីផ្ទុះជម្លោះជាមួយអ៊ុយក្រែន ក្នុងឆ្នាំ ២០២២ ។

លោកថា ការសម្រុកផលិតសព្វាវុធទាំងនោះ រួមមានគ្រាប់កាំភ្លើងធំ, គ្រាប់បែកទម្លាក់ពីលើអាកាស, យន្តហោះចម្បាំង, រថក្រោះ, កាំភ្លើងយន្ត, ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក, យន្តហោះដ្រូន និងសព្វាវុធជាច្រើនផ្សេងទៀត ក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ហើយ គ្មានប្រទេសណាមួយលើពិភពលោក អាចផលិតគ្រាប់ផ្លោង និងគ្រាប់បែកទម្លាក់ពីលើអាកាសបានច្រើនដូចរុស្ស៊ីនោះទេ ។

យ៉ាងណា លោក Chemezov មិនអាចផ្តល់តួលេខជាក់លាក់ណាមួយទាក់ទិនទៅនឹងចំនួននៃការផលិតអាវុធទាំងនេះនោះទេ ។

ប៉ុន្តែលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានលើកឡើងកាលពីខែឧសភា ឆ្នាំ២០២៤ ថា ការផលិតគ្រាប់រំសេវរបស់ប្រទេសរុស្ស៊ីបានកើនឡើង ១៤ ដង ក្នុងអំឡុងពេលមានសង្គ្រាមជាមួយអ៊ុយក្រែន ស្របពេលការផលិតយន្តហោះដ្រូន ហក់ឡើង ៤ ដង ខណៈរថពាសដែក ស្ទុះងើប ៣.៥ ដង ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner