តៃវ៉ាន់ ត្រៀមចំណាយ ៤០ ពាន់លានដុល្លារទៀត ពង្រឹងវិស័យការពារជាតិ ទប់ទល់សម្ពាធ ចិន
តៃប៉ិ ៖ ប្រធានាធិបតីកោះតៃវ៉ាន់លោក Lai Ching-te នៅថ្ងៃពុធនេះ បានដាក់សំណើសុំកញ្ចប់ថវិកាការពារជាតិចំនួន ៤០ ពាន់លានដុល្លារបន្ថែមទៀត ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ ។
សំណើបង្កើនការចំណាយពង្រឹងវិស័យការពារជាតិរបស់តៃវ៉ាន់ ធ្វើឡើងចំពេលមានភាពតានតឹងក្នុងតំបន់ និងនៅពេលប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធទាំងផ្នែកយោធា និងនយោបាយក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
លោក Lai Ching-te និយាយថា សំណើនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការការពារកោះតៃវ៉ាន់ ជាពិសេសវាជាការបដិសេធរបស់កោះតៃវ៉ាន់ ក្នុងការមិនចុះចូលជាមួយប្រទេសចិន ។
បើតាមកាសែត Washington Post, លោក Lai Ching-te ក៏មានផែនការទិញសព្វាវុធថ្មីៗពីអាមេរិក និងរួមទាំងការពន្លឿនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស “T-Dome” ផងដែរ ដើម្បីកសាងតៃវ៉ាន់ឲ្យបានរឹងមាំ មិនឲ្យប្រទេសដទៃឈ្លានពានបាន ។
កន្លងមក មេដឹកនាំតៃវ៉ាន់វ័យ ៦៦ ឆ្នាំរូបនេះ ធ្លាប់បានបញ្ចេញផែនការចំណាយជំរុញវិស័យការពារជាតិប្រចាំឆ្នាំច្រើនជាង ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំក្រោយ ហើយនឹងកើនដល់ ៥ ភាគរយនៅត្រឹមឆ្នាំ ២០៣០ ។
បើតាមប្រភពពី CNA, សម្រាប់ឆ្នាំ ២០២៦ កោះតៃវ៉ាន់នឹងស្នើបង្កើនការចំណាយលើវិស័យការពារជាតិដល់ទៅជាង ៣០ ពាន់លានដុល្លារ ឬស្មើនឹង ៣.៣២ ភាគរយនៃផលិតផលក្នុងស្រុកសរុប ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
