ស៊ូដង់ទទូចសុំលោក ដូណាល់ ត្រាំ ប្រើអំណាចជួយបញ្ចប់សង្គ្រាមក្នុងប្រទេសខ្លួន

ខាទុំ ៖ ប្រមុខកងទ័ពស៊ូដង់ លោក Abdel Fattah al-Burhan ដែលកំពុងធ្វើសង្រ្គាមជាមួយកងកម្លាំងយោធាប៉ារ៉ា តាំងពីខែមេសា ឆ្នាំ២០២៣មក បានទទូចសុំឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រើអំណាចរបស់គាត់ជួយនាំសន្តិភាពមកកាន់ប្រទេសរបស់ខ្លួន។

បើតាមប្រភពពី The Wall Street Journal, លោក al-Burhan បាននិយាយថា សព្វថ្ងៃ ប្រជាជនស៊ូដង់ដាក់ក្តីសង្ឃឹមលើចំណាត់ការរបស់អាមេរិក ពិសេសភាពស្មោះត្រង់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលនឹងជួយស៊ូដង់ និងប្រទេសផ្សេងទៀតក្នុងតំបន់ ស្វែងរកសន្តិភាពពិតប្រាកដ ដើម្បីបញ្ចប់សង្រ្គាម។

បើតាមលោក al-Burhan, ប្រទេសស៊ូដង់កំពុងប្រឈមមុខនឹងជម្រើស “រវាងរដ្ឋអធិបតេយ្យមួយ ដែលព្យាយាមការពារប្រជាពលរដ្ឋរបស់ខ្លួន និងកងជីវពលប្រល័យពូជសាសន៍ ដែលកំពុងបំផ្លាញសហគមន៍”។

ការអត្ថាធិប្បាយរបស់ប្រមុខកងទ័ពស៊ូដង់រូបនេះ ធ្វើឡើងក្រោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញការចាប់អារម្មណ៍លើសង្រ្គាមស៊ីវិលនៅស៊ូដង់ជាលើកដំបូង កាលពីសប្តាហ៍កន្លងទៅ ហើយបានសន្យាថា រូបលោកនឹងជួយបញ្ចប់វា បន្ទាប់ពីរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed Bin Salman បានជំរុញឲ្យគាត់ចូលរួមជួយបញ្ឈប់ជម្លោះនេះ។

មកទល់ពេលនេះ ទាំងអាមេរិក អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីបកំពុងព្យាយាមចូលខ្លួនសម្របសម្រួលឱ្យមានបទឈប់បាញ់ក្នុងសង្គ្រាមស៊ូដង់។

គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងបង្កើតសន្តិភាពរវាងប្រមុខកងទ័ពស៊ូដង់ លោក Abdel Fattah al-Burhan និងមេបញ្ជាការរបស់កងកម្លាំងគាំទ្ររហ័ស (RSF) លោក Mohamed Hamdan Daglo បានបរាជ័យម្តងហើយម្តងទៀត នៅក្នុងការព្យាយាមបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សអស់រាប់ម៉ឺននាក់ បង្ខំឱ្យប្រជាជនរត់ភៀសខ្លួនប្រមាណ ១២លាននាក់ ហើយបង្កឲ្យមានវិបត្តិស្រែកឃ្លាន និងការផ្លាស់ទីលំនៅធំបំផុតរបស់ពិភពលោក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner