រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជាស្នើឱ្យមានបទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី វប្បធម៌របស់កម្ពុជាបានស្នើសុំឱ្យមានបទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាតនោះឡើយ។
គួរបញ្ជាក់ថា ការស្នើសុំពីសំណាក់ រដ្ឋមន្រ្តីក្រសួងវប្បធម៌របស់កម្ពុជាបែបនេះធ្វើឡើងក្រោយពីប្រទេសមួយចំនួនបានលួចចម្លងប្រាសាទអង្គរវត្តកម្ពុជា ក៏ដូចជាស្នាដៃស្ថាបត្យកម្មដ៏អច្ឆរិយៈរបស់កម្ពុជាមួយចំនួនទៀត ដោយពុំមានការស្នើសុំ ឬការអនុញ្ញត្តិណាមួយពីម្ចាស់ប្រទេសនោះឡើយ។
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ការស្នើសុំពីភាគីកម្ពុជានេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ក្នុងកិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និងមានការចូលរួមដោយ ឯកឧត្តម khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ។
ដោយថ្លែងក្នុងបទអន្តរាគមន៍គន្លឹះ លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បានបង្ហាញពីភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនិងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមក។
ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យក៏បានទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូលស្តីអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំនូវទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងកង្វះខាតនូវបទបញ្ញត្តិ នៃការប្រតិបត្តិ ក្នុងអនុសញ្ញា ឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២នាពេលកន្លងមក៕
ដោយ ៖ ម៉ាដេប៉ូ




