សហជីពធំៗនៅកម្ពុជា ថា របាយការណ៍ HRW ស្ដីពី បញ្ហា​ពលករ មិនឆ្លុះបញ្ចាំងពីការពិត និងគ្មានវិជ្ជាជីវៈ

(ភ្នំពេញ)៖ សហជីពធំៗនៅកម្ពុជា យល់ឃើញ​ដូចៗ​គ្នា​ថា របាយការណ៍របស់អង្គការ Human Rights Watch ស្ដីពី បញ្ហាពលករ ដែលសម្ភាសបងប្អូន​អតីត​ពលករ​តែ ៥៦នាក់នោះ គឺមិនឆ្លុះបញ្ចាំងពីការពិត និង​គ្មានវិជ្ជាជីវៈ។ ការលើកឡើងនេះ គឺបន្ទាប់ពីអង្គការ Human Rights Watch បានចេញ​របាយការណ៍​មួយ​មានចំណងជើងថា «ពលករខ្មែរវិលត្រឡប់មក​ស្រុ​កវិញ កំពុងប្រឈមនឹងភាពអត់ឃ្លាន និងគ្មានការងារធ្វើ» ដោ​យ​អង្គការនេះបានសម្ភាសអតីតពលករតែ ៥៦នាក់​ប៉ុណ្ណោះ ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រាប់នៅថ្ងៃទី២៧ ខែវិច្ឆិកានេះថា របាយការណ៍របស់​អង្គការ Human Rights Watch ដែលសម្ភាសបងប្អូន​អតីតពលករតែ ៥៦នាក់នោះ គឺមិនឆ្លុះបញ្ចាំងពីការពិត គ្មានវិជ្ជាជីវៈ ហើយក៏មិនឆ្លុះបញ្ចាំងអំពីសកម្មភាពពិត​រប​ស់​រាជរដ្ឋាភិបាល ក្រសួងការងារ និងអាជ្ញាធរ​ពាក់ព័ន្ធ​។

ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍​បែប​នេះថា «របាយការណ៍ចេញដោយ Human Rights Watch នេះ វាផ្ទុយស្រលះទាំងស្រុង ហើយ​មិន​បានឆ្លុះបញ្ចាំងការពិត ហើយអ្វីដែលសំខាន់នោះ Human Rights Watch មិនបានយកចិត្តទុកដាក់​ក្នុងការ Research ឱ្យបានត្រឹមត្រូវ តម្លាភាព និង​យុត្តិធម៌ទេ យើងមើលឃើញថា Human Rights Watch ធ្វើការទៅតាមអារម្មណ៍ ឬតាមការនឹកឃើញ ឬក៏ទៅតាមសេណារីរ៉ូរបស់ម្ចាស់ជំនួយ ដែលចង់មួល​បង្កាច់​បង្ខូចកិត្តិយសកម្ពុជា»។

លោក សំ សឿន បានបន្ថែមថា លោក បានមើល​ឃើញ​ពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ​ជាសេនាធិការ ដោយបានជួយសម្របសម្រួលដល់​បង​ប្អូន​អតីតពលករ តាំងពីពេលដែលពួកគាត់មកដល់ច្រក​ទ្វារ​ព្រំដែន រហូតដល់ជួយស្វែងរកការងារទៅដល់មូល​ដ្ឋាន​របស់ពួកគាត់តែម្ដង។ បន្ថែមលើនេះ លោក សំ សឿន ក៏បានស្នើឱ្យអង្គការ Human Rights Watch តែតម្រូវរបាយការណ៍របស់ខ្លួន ហើយគួរចូលរួមផ្សព្វ​ផ្សាយឱកាសការងារ ជូនដល់បងប្អូនអតីតពលករ​វិញ​ល្អជាង។

ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព​ចល​នា​​កម្មករ ប្រាប់ឱ្យដឹងដែរថា លោកមើលឃើញថារបាយ​ការ​ណ៍​ដែលចេញដោយអង្គការ Human Rights Watch គឺមិនឆ្លុះបញ្ចាំងពីការពិតឡើយ ពីព្រោះអង្គការ​នេះ​បានសម្ភាសបងប្អូនអតីតពលករតែ ៥៦នាក់​ប៉ុណ្ណោះ ខណៈដែលអតីតពលករត្រឡប់មកពីថៃ​មានរហូតដល់ជិត ១លាននាក់។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មានប្រសាសន៍​បែប​នេះ​ថា «ខ្ញុំគិតថា ទិសដៅពលករដែលខាងស្ថាប័ន Human Rights Watch សម្ភាស វាអាចជាផ្នែក​មួយ​ដែលគេអាចរៀបចំទុក ព្រោះថា ពលករជាច្រើន​ដែល​បាន​វិលមក យើងឃើញមានការយកចិត្តទុកដាក់ខ្ពស់​បំផុតពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសយើងបាន​ឃើញ​អំពីការយកចិត្តទុកដាក់ខ្ពស់បំផុត នោះគឺក្រសួង​ការងារ»។

ជាមួយគ្នានេះ លោក ប៉ាវ ស៊ីណា លើកឡើងថា ចំណុចខ្វះ​ខាតបន្តិចបន្តួចគឺចៀសមិនផុតឡើយ ខណៈ​ដែលបងប្អូនអតីតពលករត្រឡប់មកពីថៃមានចំនួនច្រើន តែមិនអាចយកការសម្ភាសពលរដ្ឋតែប៉ុន្មាននាក់ មកគ្របដណ្ដប់លើបងប្អូនអតីតពលករជិត ១លាន​នាក់នោះ គឺមិនអាចទៅរួចទេ។

ផ្ទុយពីការលើកឡើងរបស់អង្គការ Human Rights Watch លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព​ចលនាកម្មករ មើលឃើញថា ក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បានខិតខំយកចិត្តទុកដាក់ជាខ្លាំងទៅ​លើការស្វាគមន៍ ការមកដល់របស់បងប្អូនអតីតពលករ ក៏ដូចជាការស្វែងរកការងារឱ្យពួកគាត់ធ្វើ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner