ភាគីហត្ថលេខី ផ្តល់ការគាំទ្រ ទិសដៅអាទិភាពរបស់​គម្រោង​រោងចក្រ កាន់តែប្រសើរនៅកម្ពុជា

(ភ្នំពេញ)៖ ភាគីហត្ថលេខីអនុស្សរណៈនៃការយោគ​យល់​គ្នាស្ដីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧ រួមមានតំណាងក្រសួងពា​ណិជ្ជ​កម្ម តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែក​ជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និង​តំណាងអង្គការអន្តរជាតិខាងការងារ (ILO) បានបើក​កិច្ច​​​ប្រជុំលើកទី៣ របស់ខ្លួន ដើម្បីផ្តល់ការគាំទ្រនូវទិស​ដៅ​អាទិភាពរបស់គម្រោងរោងចក្រកាន់តែប្រសើរ​នៅ​កម្ពុជាសម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ ដោយផ្ដោត​លើ​ការងារអាទិភាពសំខាន់ៗ រួមមាន ការលើកកម្ពស់ផ្នែក​សុវត្ថិភាពនិងសុខភាពការងារ,កិច្ចសន្ទនាសង្គម,សមភាព និង បរិយាបន្នយេនឌ័រ និងការជំរុញការទូទាត់ប្រាក់​ឈ្នួល​តាមប្រព័ន្ធឌីជីថល។

ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​វាយតម្លៃខ្ពស់ចំពោះការខិតខំចូលរួមរបស់ក្រុមការងារគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) ដោយក្រ​សួ​ង​ពាណិជ្ជកម្មនិងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)​ សម្រាប់កិច្ចសហការ ការគាំទ្រ និងការចូល​រួម​អនុវត្តអនុស្សរណៈនៃការយោគយល់គ្នា​នាពេល​កន្លងមកទទួលបានលទ្ធផលល្អ តាមរយ:ការជំរុញ​ការគោរពលក្ខខណ្ឌការងារ និងបង្កើនភាពទាក់ទាញ ព្រមទាំងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា ជាប្រភព​ផ្គត់​ផ្គង់ប្រកបដោយទំនុកចិត្តសម្រាប់ម្ចាស់ម៉ាក និង អ្នកបញ្ជាទិញ ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរ អំពីតួនាទីដ៏សំ​ខាន់​​របស់សមាគមនិយោជក និងសហជីព ក្នុងការ​លើក​កម្ពស់ភាពទាក់ទាញរបស់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និង​កាបូប ក៏ដូចជាវិស័យពាក់ព័ន្ធនានានៅកម្ពុជា ក្នុងការ​ធានាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈ​ការបណ្ដុះបណ្ដាលសមត្ថភាពរដ្ឋបាលសហគ្រាស ក្រុម​ហ៊ុន រោងចក្រ ថ្នាក់ដឹកនាំសហជីព និងភាគីពាក់ព័ន្ធ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner