ឥណ្ឌូនេស៊ីត្រៀមបញ្ជូនកងទ័ព ៥,០០០ នាក់ទៅការពារតំបន់ហ្គាហ្សា
ហ្សាកាតា ៖ ប្រទេសឥណ្ឌូនេស៊ីមានគម្រោងដាក់ពង្រាយកងទ័ពជើងទឹកប្រហែល ៥,០០០នាក់ ជាផ្នែកមួយនៃសំណើដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពប្រមាណ ២០,០០០នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប។
ប្រធានផ្នែកសេវាព័ត៌មាននៃកងទ័ពជើងទឹកឥណ្ឌូនេស៊ី លោកឧត្តមនាវីឯក Tunggul បាននិយាយក្នុងថ្ងៃអង្គារថា កងទ័ពជើងទឹកបាននឹងកំពុងត្រៀមកងទ័ពប្រហែល ២៥ភាគរយនៃកងទ័ពជើងទឹកសរុប សម្រាប់ការដាក់ពង្រាយដែលអាចកើតមានទៅកាន់តំបន់ហ្គាហ្សា ដោយរង់ចាំការអនុញ្ញាតពីអន្តរជាតិ។
លោកបន្តថា ក្នុងចំណោមកងទ័ពដែលត្រូវបានជ្រើសរើសទាំងនោះ រួមមានកងទ័ពផ្នែកវេជ្ជសាស្រ្ត កងអង្គភាពគាំទ្រ និងគ្រឿងយន្ត ព្រមទាំងកងទ័ពជំនាញផ្នែកវិស្វកម្មសំណង់ទៅជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ ជួយព្យាបាលជនរងគ្រោះក្នុងសង្គ្រាមស៊ីវិល និងការសាងសង់កន្លែងស្នាក់នៅបណ្តោះអាសន្ននៅហ្គាហ្សា។
បើតាមសារព័ត៌មាន TRT, រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Sjafrie Sjamsoeddin និយាយថា ផែនការដាក់ពង្រាយកងទ័ពនេះ គឺស្របតាមដំណាក់កាលទីមួយនៃសំណើសន្តិភាពចំនួន ២០ចំណុចរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់តំបន់ហ្គាហ្សា ដែលបទឈប់បាញ់ជាដំណាក់កាលបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែតុលា។
យ៉ាងណា បទឈប់បាញ់នេះ ស្ថិតក្នុងស្ថានភាពផុយស្រួយនៅឡើយ ដោយសារតែគូជម្លោះទាំងពីរបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកពីការរំលោភបំពានលើកិច្ចព្រមព្រៀងមួយនេះ៕
ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា