ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត លើកទឹកចិត្តឲ្យស្ត្រីមានតួនាទី នៅក្នុងផ្នែកបច្ចេកវិទ្យាតាមបណ្ដាក្រសួងស្ថាប័ន
(ភ្នំពេញ)៖ បច្ចុប្បន្ននេះស្ត្រីបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការងារបដិវត្តិកម្មឌីជីថល ។ តាមរយៈការគិតគូររបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធពិសេសក្រសួងកិច្ចការនារី បានធ្វើឲ្យការលើកកម្ពស់នារីកាន់តែប្រសើរឡើងតាមរយៈការសិក្សា ជាក់ស្តែងនៅក្នុងផ្នែកបច្ចេកវិទ្យា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ត្រីចំនួន៥នាក់ ទទួលបានតួនាទីជាប្រធានមន្ទីរ។
ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំរបស់ស្ត្រីប្រកបដោយបរិយាបន្នក្នុងដំណើរឆ្ពោះទៅរកសង្គមឌីជីថល ដ៏ល្អនិងរស់រវើក នៅសណ្ឋាគារ សាន់វ៉េ នារាជធានីភ្នំពេញ ។
ឯកឧត្តមរដ្ឋមម្ត្រី បន្ថែមថា នៅពេលខាងមុខនឹងមានចំនួនកាន់តែច្រើនថែមទៀតជាពិសេស គឺការជំរុញឲ្យសិស្សនារីទទួលបានការសិក្សាទៅលើបច្ចេកវិទ្យាឌីជីថល ជាពិសេសនារីដែលមកពីខេត្ត តំបន់ដាច់ស្រយ៉ាល និងទទួលបានការលើកចិត្តការតាមរយៈអាហារូបករណ៍ ក៏ដូចជាការផ្ដល់ហិរញ្ញវត្ថុសម្រាប់ការសិក្សាផងដែរ។ ហើយការសិក្សាគឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាពស្ត្រី អាចចូលរួមជួយធ្វើបដិវត្តិកម្មឌីជីថល មិនត្រឹមតែនៅក្នុងក្រសួងប្រៃសណីយ៍នោះទេ គឺនៅគ្រប់ក្រសួងស្ថាប័នផ្សេងៗទៀត។
លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី បញ្ជាក់ថា នៅក្នុងសតវត្សទី ២១នេះ បច្ចេកវិទ្យាឌីជីថល បានយកទៅប្រើប្រាស់នៅគ្រប់វិស័យក្នុងជីវិត ដូចជាការអប់រំ សុខាភិបាល សេដ្ឋកិច្ច ការបរទេស និងការរស់នៅប្រចាំថ្ងៃ ។
លោកជំទាវ បន្ថែមថា ស្រ្តី មានតួនាទីសំខាន់ ក្នុងការបង្កើតសង្គមឌីជីថល ដែលមានប្រសិទ្ធភាព សុវត្តិភាព និងស្មើភាពក្នុងសម័យឌីជីថល ដែលពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងលឿន ភាពជាអ្នកដឹកនាំរបស់ស្រ្តី មិនមែនជាជម្រើសទេស ប៉ុន្តែជាកំលាំងដ៏សំខាន់ ក្នុងការបង្កើតសង្គម ដែលមានភាពធន សុវត្តិភាព និងច្នៃប្រឌិត ។ គោលបំណងចម្បងគឺការបង្កើតសង្គមឌីជីថល ដែលមានសុវត្តិភាព ស្មើភាពនិងបង្កើតឱកាសម្រាប់មនុស្សគ្រប់រូប។
លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ដើម្បីចូលរួមក្នុងការកសាងធនធានមនុស្ស ក្រសួងបានដាក់ចេញនូវកម្មវិធីសំខាន់ៗដូចជា ការផ្តល់អាហាររូបករណ៍ សិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថលដល់ស្រ្តី នៅគ្រឹះស្ថានសិក្សារដ្ឋ ឯកជន ដៃគូ និងការរៀបចំប្រគួតប្រជែងស្រ្តីលើបច្ចេកវិទ្យា ដើម្បីជ្រើសរើសស្រ្តីឆ្នើមនៅក្នុងវិស័យឌីជីថល ការរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗសម្រាប់ស្រ្តីដែលមានតួនាទីជាអ្នកដឹកនាំនិងមន្រ្តីរាជការ នៅបណ្តាក្រសួងស្ថាប័ននានាឱ្យទទួលបាននូវចំណេះដឹងថ្មីៗក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីអនុវត្តន៍មុខងារ របស់ក្រសួងស្ថាប័នក្នុងការប្រែក្លាយទៅជារដ្ឋាភិបាលឌីជីថល និងធុរកិច្ច និងពលរដ្ឋឌីជីថល ៕






អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា