លោក Trump ថា អាហ្វហ្គានីស្ថានម្នាក់ចូលទៅបាញ់ប្រហារទាហាន ក្បែរសេតវិមាន

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយ កាលពីថ្ងៃពុធថា បុរសអាហ្វហ្គានីស្ថានម្នាក់ គឺជាជនសង្ស័យនៅក្នុងការបាញ់ប្រហារលើទាហានឆ្មាំជាតិ ពីរនាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ នៅជិតសេតវិមាន ដោយហៅទង្វើនេះថា ជា «អំពើភេរវកម្ម»។

លោក Trump បាននិយាយថា ឧប្បត្តិហេតុនេះគឺជា «អំពើអាក្រក់ ទង្វើនៃការស្អប់ និងជាអំពើភេរវកម្ម…វាជាឧក្រិដ្ឋកម្មប្រឆាំងនឹងជាតិយើងទាំងមូល»។

លោកបានបញ្ជាក់ថា បុរសដែលត្រូវបានគេឃុំខ្លួន គឺជាជនបរទេស ដែលចូលដីអាមេរិក នៅឆ្នាំ២០២១ ក្នុងពេលមានការជម្លៀស ប្រជាជនអាហ្វហ្គានីស្ថានចេញពីប្រទេស ដែលត្រូវបានកាន់កាប់ដោយពួកតាលីបង់។ ជាការគ្រប់គ្រង បន្ទាប់ពីការដកថយរបស់ទាហានសហរដ្ឋអាមេរិក ក្រោយពីមានសង្គ្រាម ២០ឆ្នាំ។

ការវាយប្រហារដ៏គួរឱ្យតក់ស្លុតនេះ បានធ្វើឡើង នៅជាប់នឹងស្ថានីយរថភ្លើងក្រោមដី ហើយ កើតឡើង ចំពេលដែលលោក Trump បានដាក់ពង្រាយកងទ័ព ទៅកាន់ទីក្រុងជាច្រើន ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ រួមមាន ទីក្រុង Washington, Los Angeles និង Memphis ដើម្បីចាត់ការលើជនអន្តោប្រវេសន៍ខុសច្បាប់។

ការដាក់ពង្រាយនេះ បានជំរុញឱ្យមានការប្តឹង និងតវ៉ាផ្លូវច្បាប់ជាច្រើន ពីមន្ត្រីក្នុងតំបន់ ដែលចោទគណបក្សសាធារណរដ្ឋថា កំពុងស្វែងរកអំណាចផ្តាច់ការ។

យ៉ាងណា ជុំវិញហេតុការណ៍ចុងក្រោយនេះ លោក Trump បានអះអាងថា «ឥឡូវនេះ យើងត្រូវតែពិនិត្យមើលឡើងវិញ នូវរាល់ជនបរទេស ដែលបានចូលប្រទេសរបស់យើង មកពីអាហ្វហ្គានីស្ថាន ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Joe Biden ។
លោកបញ្ជាក់ ថា «យើងត្រូវតែចាត់វិធានការចាំបាច់ទាំងអស់» ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner